ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរ និងមន្ត្រីជំនាញខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយផែនការប្រើប្រាស់ដីឃុំ សង្កាត់ទូទាំងខេត្ត ដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ
Thu,21 May 2026 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

បន្ទាយមានជ័យ៖ អាជ្ញាធរ និងមន្ត្រីជំនាញខេត្តបន្ទាយមានជ័យ បានធ្វើការផ្សព្វផ្សាយផែនការប្រើប្រាស់ដីឃុំ សង្កាត់ ដល់មន្ត្រីពាក់ព័ន្ធ សរុបជាង ៨០០នាក់ ក្រោមវត្តមានលោក លៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុំ រាត្រី អភិបាលខេត្ត។

ថ្លែងក្នុងឱកាសនោះ លោក លៀម សុដា បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ បានរៀបចំផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ប្លង់គោលប្រើប្រាស់ដីក្រុងសិរីសោភ័ណ និងផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដីក្រុងប៉ោយប៉ែតរួចរាល់ ដោយរង់ចាំប្រជុំពិនិត្យ និងអនុម័តពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ មិនតែប៉ុណ្ណោះ មន្ទីរជំនាញ បានរៀបចំកសាងផែនការប្រើប្រាស់ដីឃុំសម្រេចបានចំនួន ៨ឃុំ និងបានអនុម័តចំនួន ២ឃុំបន្ថែម កាលពីថ្ងៃទី១៨ ខែខុសភា ឆ្នាំ២០២៦។

លោកអភិបាលរងខេត្ត បន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្នុងនោះ មុំទី៤ ដែលនិយាយអំពីការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលជាគោលដៅយុទ្ធសាស្ត្រ គឺការពង្រីកទីក្រុង និងការអភិវឌ្ឍទីក្រុងថ្មីៗបន្ថែមទៀតនៅតាមបណ្តារាជធានី-ខេត្ត ការបង្កើតសួនសាធារណៈ និងឧទ្យានបៃតង និងការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដើម្បីធានាសុវត្ថិភាព សោភ័ណភាព បរិស្ថានល្អ និងសុខមាលភាពសម្រាប់ការរស់នៅ និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ រដ្ឋបាលខេត្តបន្ទាយមានជ័យ គាំទ្រ និងប្តេជ្ញាជំរុញអនុវត្តនូវយុទ្ធសាស្ត្រនេះ ឱ្យមានប្រសិទ្ធភាព។

លោក លៀម សុដា ក៏បានបញ្ជាក់ទៅកាន់អាជ្ញាធរមូលដ្ឋាន ជាពិសេស គឺរដ្ឋបាលឃុំ-សង្កាត់ ផ្ទាល់តែម្តង ទាក់ទងនឹងការកសាងផែនការប្រើប្រាស់ ដីឃុំ-សង្កាត់នេះ គឺរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែលើកគម្រោងអភិវឌ្ឍន៍ និងកំណត់ចក្ខុវិស័យរបស់ខ្លួនឱ្យបានច្បាស់លាស់។
បើតាមលោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ បានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈប្រព័ន្ធ និងបានធ្វើកម្មវិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ជាដំបូង ក្បាលដីប៉ាន់ស្មាន មានចំនួន ៦៧៨៦៦៧ក្បាលដី ប៉ុន្តែក្រោយពីយុទ្ធនាការចុះវាស់វែងបង្ហើយរួចមក មានក្បាលដីចំនួន ៧៥២១៨១ក្បាលដី លើសពីការប៉ាន់ស្មានចំនួន ៧៣៥១៤ក្បាលដី។

លោក បានឱ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៧ក្រុង-ស្រុក បានបញ្ចប់ការងារប្រមូលទិន្នន័យ និងនៅសល់ចំនួន២ក្រុង-ស្រុកទៀត នឹងបញ្ចប់ការងារនៅចុងខែឧសភា ឆ្នាំ២០២៦។ ចំពោះការបញ្ចូលទិន្នន័យដែលនៅសល់ប្រមាណជិត ១០ម៉ឺនក្បាលដីទៀត នឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៦ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋយ៉ាងយូរចុងឆ្នាំ២០២៧៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ