ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំវេទិកាសាធារណៈមួយ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងពិភាក្សាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនត្រពាំងផ្លុង និងផ្លូវជាតិលេខ៧២ ក្នុងគោលបំណងធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយតម្លាភាព និងទទួលបានការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន។វេទិកានេះ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងបរិវេណសាលាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ប៉េង សម្បត្តិ និងលោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក បួ ឆៃយ៉ា តំណាងអង្គភាពគ្រប់គ្រងគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា នៃក្រសួងសាធារណការ និងដឹកជញ្ជូន។កម្មវិធីនេះ ក៏មានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ នៃឃុំក្រែក និងឃុំត្រពាំងផ្លុងផងដែរ។ក្នុងឱកាសនោះ លោក ប៉េង សម្បត្តិ បានថ្លែងថា ខេត្តត្បូងឃ្មុំ នឹងទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ក្រោមជំនួយហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) តាមរយៈ «គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា» ឬ Cambodia - Cross Border Enhancement Project (3CEP) ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។លោកបានបញ្ជាក់ថា សម្រាប់ភូមិសាស្ត្រឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នឹងមានអនុគម្រោងសំខាន់ៗចំនួន២ រួមមាន ការកែលម្អ និងពង្រីកផ្លូវជាតិលេខ៧២ ប្រវែង១៤គីឡូម៉ែត្រ និងការកែលម្អ ព្រមទាំងសាងសង់ច្រកទ្វារព្រំដែនថ្មីមួយកន្លែង។គម្រោងសាងសង់នេះ នឹងរួមបញ្ចូលការសាងសង់ចំណតរថយន្តធំទូលាយ ទីតាំងផ្ទុកទំនិញ តំបន់ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល អគារត្រួតពិនិត្យឯកសារ អគារអន្តោប្រវេសន៍ អគាររដ្ឋបាល លំនៅដ្ឋានមន្ត្រី កន្លែងអនាម័យ និងទីតាំងសម្រាប់សកម្មភាពពាណិជ្ជកម្មផ្សេងៗ ដូចជាផ្សារ និងហាងកាហ្វេជាដើម។ដោយឡែក លោក បួ ឆៃយ៉ា តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោង 3CEP មានគោលបំណងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មក្នុងតំបន់ បង្កើនកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ប្រព័ន្ធភស្តុភារកម្ម (Logistics) រវាងកម្ពុជា និងវៀតណាម។លោកបន្តថា គម្រោងនេះ មានវិសាលភាពគ្របដណ្តប់លើការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនក្នុងខេត្តគោលដៅចំនួន៤ រួមមាន ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ព្រមទាំងការកែលម្អ និងពង្រីកផ្លូវជាតិសរុបប្រមាណ១៦០គីឡូម៉ែត្រ។ក្នុងវេទិកានោះ ប្រជាពលរដ្ឋបានលើកជាសំណួរពាក់ព័ន្ធនឹងផលប៉ះពាល់ និងសំណងក្នុងករណីខូចខាតទ្រព្យសម្បត្តិ ឬការផ្លាស់ប្តូរទីលំនៅ។ ជាការឆ្លើយតប តំណាងគម្រោងបានបញ្ជាក់ថា នឹងមានយន្តការដោះស្រាយដោយយុត្តិធម៌ តម្លាភាព និងអាចទទួលយកបានពីសំណាក់ប្រជាពលរដ្ឋ មុនពេលដំណើរការសាងសង់ចាប់ផ្តើម។លោក ប៉េង សម្បត្តិ បានបន្ថែមថា គម្រោង 3CEP មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការទាក់ទាញវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ព្រមទាំងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច សហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពគ្រប់គ្រងគម្រោង ដើម្បីដោះស្រាយផលប៉ះពាល់នានាឱ្យបានរលូន និងស្របតាមផែនការដែលបានកំណត់។គួរបញ្ជាក់ថា គម្រោងនេះ គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៧ និងបញ្ចប់នៅឆ្នាំ២០២៩ ដោយប្រើរយៈពេលសាងសង់ប្រមាណ២ឆ្នាំកន្លះ។ សមិទ្ធផលថ្មីនេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយរបស់កម្ពុជា ក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងអនុតំបន់ទន្លេមេគង្គ (GMS) និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ចដ៏សកម្ម និងប្រកបដោយចីរភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ