បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងក្រុមគ្រួសារដែលបានមកទស្សនាកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅដែលជាគោលដៅទេសចរណ៍ដ៏ប្រណីតប្រចាំខេត្តបាត់ដំបង។ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបង្ហាញជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាដែលសម្រេចបានកន្លងមក ជាពិសេសសួនច្បារថ្មីដែលទើបសាងសង់រួចរាល់ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវអង្គុយទស្សនាហ្វូងសត្វប្រចៀវ និងផែនការអភិវឌ្ឍបន្ថែមសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើប្រណីតភាព ភាពទាក់ទាញ និងទេសភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋានភ្នំសំពៅ។បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្តដែលបានអញ្ជើញមកទស្សនាកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅបានលើកសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការរៀបចំគោលដៅទេសចរណ៍មួយនេះបានកាន់តែស្រស់ស្អាតប្លែក និងមានភាពទាក់ទាញមកទស្សនាហើយចង់មកទស្សនាម្ដងទៀតដោយមិនជិនណាយ។សូមជម្រាបថា ភ្នំសំពៅជាគោលដៅទេសចរណ៍ដ៏សំខាន់ និងជាបេះដូងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងខេត្តបាត់ដំបងដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ។ភ្ញៀវទេសចរដែលមកលេងខេត្តបាត់ដំបងគឺកម្ររំលងទីតាំងនៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំសំពៅនេះណាស់ដោយសារតែនៅទីនេះគឺមានសក្តានុពលយ៉ាងទាក់ទាញដ៏សម្បូរបែប។សូមបញ្ជាក់ថា ភ្នំសំពៅជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំភ្នំសំពៅស្រុកបាណន់មានចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។អ្វីដែលពិសេសនោះគឺទស្សនីយភាពហ្វូងសត្វប្រចៀវរាប់លានក្បាលដែលហោះចេញពីល្អាង។ជារៀងរាល់ថ្ងៃនៅមុនពេលសូរិយារៀបអស្តង្គតគឺជាពេលវេលាដ៏ជាក់លាក់ដែលហ្វូងសត្វប្រចៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃនិងតម្រង់ជួរគ្នាចេញពីរូងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ