ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រាជដ្ឋាភិបាលកម្ពុជា បន្តអនុញ្ញាតឱ្យក្រុមហ៊ុនអូស្ត្រាលី ពង្រីកវិនិយោគរ៉ែមាសនៅកម្ពុជា ខណៈអាចផ្តល់ចំណូលពន្ធក្នុងរង្វង់ ១៥០លានដុល្លារ
Tue,12 May 2026 (Time 01:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 7នាក់)

ភ្នំពេញ៖ លោករដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុញ្ញាតឲ្យ រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) ដែលជាក្រុមហ៊ុនវិនិយោគរ៉ែមាសរបស់អូស្ត្រាលី ពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា តាមរយៈគម្រោងធំៗចំនួន២ នៅខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ខណៈការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននេះ កំពុងប្រព្រឹត្តទៅដោយរលូន និងអាចផ្តល់ចំណូលពន្ធដោយផ្ទាល់ជូនរដ្ឋយ៉ាងតិច ១៥០លានដុល្លារអាម៉េរិក។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទ វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ កាលពីសប្តាហ៍មុន ដោយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាម និងជាអនុប្រធានទី៣ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា វិស័យរ៉ែ គឺជាវិស័យយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់អភិវឌ្ឍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោលរដ្ឋមន្ត្រី បានអះអាងថា ការអភិវឌ្ឍវិស័យរ៉ែរបស់កម្ពុជា ត្រូវបានអនុវត្តដោយមានការសិក្សាច្បាស់លាស់ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងផលប៉ះពាល់សង្គម ព្រមទាំងមានការឯកភាពពីសហគមន៍ និងក្រសួងបរិស្ថាន ដើម្បីធានាថា ការធ្វើអាជីវកម្មរ៉ែ ប្រព្រឹត្តទៅដោយការទទួលខុសត្រូវ និងមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានបង្ហាញថា វិស័យថាមពល រ៉ែ និងប្រេងកាត គឺជាវិស័យមានសក្តានុពលខ្ពស់ សម្រាប់ការចូលរួមវិនិយោគពីវិស័យឯកជន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល ក៏កំពុងសហការជាមួយក្រុមហ៊ុនវិនិយោគអូស្ត្រាលី ក្នុងការសិក្សារុករកធនធានរ៉ែមាសបន្ថែមទៀត ក្នុងលក្ខណៈទ្រង់ទ្រាយធំ នាពេលអនាគត។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងបង្កើតលក្ខខណ្ឌចាំបាច់នានា ដើម្បីទាក់ទាញការវិនិយោគបន្ថែមនៅក្នុងវិស័យរ៉ែ ដោយធានាថា ការអភិវឌ្ឍវិស័យនេះ នឹងប្រព្រឹត្តទៅប្រកបដោយតម្លាភាព ការទទួលខុសត្រូវចំពោះបរិស្ថាន និងការធានាប្រសិទ្ធភាពនៃការប្រមូលចំណូលចូលថវិការដ្ឋ។

លោកបានបន្ថែមថា វិស័យរ៉ែ រួមមានរ៉ែមាស ខ្សាច់ និងថ្មសំណង់ជាដើម កំពុងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺនកន្លែង ខណៈអាជីវកម្មរ៉ែមាសតែមួយ បានបង្កើតការងារជាង ១ពាន់កន្លែងរួចមកហើយ។ ជាក់ស្តែង ក្នុងរយៈពេលជិត ៤ខែដំបូង ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាល ប្រមូលចំណូលពីពន្ធអាករ និងសួយសារពីវិស័យរ៉ែមាស បានជាង ៦០លានដុល្លារអាម៉េរិក ខណៈតម្លៃមាសនៅលើទីផ្សារអន្តរជាតិ កំពុងបន្តហក់ឡើងខ្ពស់។

សូមជម្រាបថា ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានៃរ៉ែចំនួន ០២ បន្ថែមទៀតជាមួយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរួមមានកិច្ចព្រមព្រៀងកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលបន្ថែមគម្រោង អណ្តូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិត ផលមាសបានប្រមាណ ១០តោន បន្ថែមទៅលើជម្រករ៉ែម៉ាសចាស់ចំនួនប្រមាណ ៣៤តោន។

គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១ពាន់លានដុល្លារអាម៉េរិក ដែលរួមមានសួយសារ និងសារពើពន្ធផ្សេងៗ និងកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែមាស នៅតំបន់ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦តោនក្នុងអាយុកាល ៧ឆ្នាំនៃអណ្ដូងរ៉ែបើក។ គម្រោងបន្ថែមនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣លានដុល្លារអាម៉េរិក ដែលរួមមានសួយសារសារពើពន្ធផ្សេងៗ និងបង្កើតការងារប្រមាណ ៥០០កន្លែង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ