ភ្នំពេញ៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ ហេតុនៃកិច្ចពិភាក្សា ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងការពង្រឹងសមត្ថភាពសហគមន៏កសិកម្មទំនើបនៅខេត្តកំពង់ធំ ស្តីពីគម្រោងលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មតាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា។គម្រោងនេះ គាំទ្រដោយក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ស្របពេលដែលនេះគឺជាព្រឹត្តិការណ៌ដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េ។ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោកបណ្ឌិត ឆយ ចាន់វ៉ុន (Choi Chan Won) នាយកការិយាល័យគម្រោងសកលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងម្ហូបអាហារអន្តរជាតិ នៃសាជីវកម្មសហគមន៍ជនបទកូរ៉េ KRC។ពិធីចុះហត្ថលេខានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមមានតំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងសហគមន៏ស្វាយចន្ទីកម្ពុជា និងលោកបណ្ឌិត An Sung Soo នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េប្រចាំកម្ពុជា។ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតសំខាន់លើការបង្កើនផលិតភាព និងការនាំចេញ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា គម្រោងនេះនឹងរួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មកម្ពុជា។ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បន្ថែមថា គម្រោងនេះ មានគោលបំណងគាំទ្រដល់ការពង្រីកការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់កសិករខ្នាតតូច និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ធ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈការលើកកម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងសមត្ថភាពគ្រប់គ្រងក្រោយពេលប្រមូលផល ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើបនៅខេត្តកំពង់ធំ និងការពង្រឹងស្តង់ដារគុណភាពស្វាយចន្ទី និងការពង្រីកទីផ្សារនាំចេញគ្រប់ស្វាយចន្ទី ហើយវាក៏ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនៅលើពិភពលោក។ជាមួយគ្នានេះ លោកបណ្ឌិត ឆយ ចាន់វ៉ុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កូរ៉េ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដើម្បីធានាការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។ លោកបណ្ឌិតបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ បានបង្ហាញយ៉ាងច្បាស់អំពីមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ក្នុងឱកាសនេះដែរ ភាគីទាំងពីរ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងជួយលើកកម្ពស់ខ្សែច្រវ់ាក់តម្លៃគ្រាប់ស្វាយចន្ទី ដែលមានភាពធន់ សមត្ថភាពប្រកួតប្រជែងខ្ពស់ និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ