ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ខេត្តបាត់ដំបង ប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរម្លឹកដល់មហានក្ខត្តសម័យទាំង៣របស់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន
Fri,01 May 2026 (Time 02:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

បាត់ដំបង៖ ថ្ងៃសុក្រ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺជាថ្ងៃសីល និងពេញបូណ៌មី សាលាគណខេត្ត រដ្ឋបាលខេត្ត មន្ត្រីសង្ឃខេត្ត មន្ត្រីសង្ឃក្រុង ស្រុក គ្រូចៅអធិការ មន្រ្តីរាជការ ជុំវិញខេត្ត ព្រមទាំងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ ក្នុងខេត្តបាត់ដំបង បានប្រារព្ធបុណ្យវិសាខបូជា ដើម្បីរំលឹកដល់មហានក្ខត្តសម័យទាំង៣ គឺថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ព្រមទាំងដើម្បីថែរក្សាព្រះពុទ្ធសាសនា ឱ្យបានរុងរឿងស្ថិតស្ថេរគ្រប់៥០០០ ព្រះវស្សាដោយបរិបូណ៌ ។

បានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះមេគណខេត្តទាំង២គណៈ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

សូមរម្លឹកថា បុណ្យវិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ របស់ព្រះពុទ្ធសាសនា នៅលើពិភពលោក ដែលត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់ ជាបុណ្យអន្តរជាតិ តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ហើយត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែពិសាខ ដើម្បីរម្លឹកដល់នក្ខត្តសម័យសំខាន់៣យ៉ាង ក្នុងព្រះពុទ្ធសាសនា គឺការប្រសូត ការត្រាស់ដឹង និងការបរិនិព្វាន ។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ ។

ពាក្យថា “វិសាខបូជា” បានមកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជា ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែទី៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម ។ ការដែលមានការប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ក៏ព្រោះតែថ្ងៃនេះ ជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការអស្ចារ្យ ៣យ៉ាង កើតឡើងផ្ទួនគ្នា ទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជន នៅទូទាំងពិភពលោកនាំគ្នារម្លឹកនឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា ។

ចំពោះហេតុ ដែលនាំឱ្យមានការប្រារព្ធពិធីបុណ្យវិសាខបូជា នាថ្ងៃទី១៥ កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុក ក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល ។

លោក សុខ លូ បានបញ្ជាក់ថា ការប្រារព្ធធ្វើពិធីបុណ្យវិសាខបូជា គឺជាការគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមលំអានប្រពៃណីព្រះពុទ្ធសាសនា និងជាការលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។

លោក អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តទៀតថា ស្របពេលប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍គ្រប់វិស័យ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីរាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យសាសនា ជាពិសេសបានដាក់ចេញនូវគោលនយោបាយសុខដុមនីយកម្មសាសនា ព្រមទាំងបានកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធពុទ្ធសាសនានៅទូទាំងប្រទេស ដើម្បីបំពេញនូវសេចក្តីត្រូវការ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យវិសាខបូជា ដែលបានប្រារព្ធធ្វើឡើងនៅនៅក្នុងបរិវេណវត្តពោធិ៍វាល រួចមក ក៏មានរៀបចំជាក្បួនដង្ហែបុណ្យវិសាខបូជា ចេញពីវត្តពោធិ៍វាល មកតាមដងផ្លូវជុំវិញដងស្ទឹងសង្កែ ស្ថិតក្នុងសង្កាត់រតនៈ និងសង្កាត់ស្វាយប៉ោ នៃក្រុងបាត់ដំបង ដើម្បីផ្សាយមេត្តាធម៌ រួចវិលត្រឡប់មកកាន់ទីវត្តពោធិ៍វាល វិញ ក្នុងការប្រារព្ធពិធីរាប់បាត្រវេរប្រគេនព្រះសង្ឃចំនួន១០៦៨អង្គ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ