បាត់ដំបង៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញប្រគល់ផ្ទះចំនួន៩ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនអតីតយុទ្ធជនចំនួន៩គ្រួសារនៅក្នុងស្រុកបវេល និងស្រុកថ្មគោល។ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ និងពូជមាន់ ពូជទា ដល់អតីតយុទ្ធជនដើម្បីសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ឯកឧត្តមបាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើនរហូតដល់សព្វថ្ងៃ។ឯកឧត្តម បានណែនាំដល់អតីតយុទ្ធជនត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ឯកឧត្តម ថ្លែងនូវការកោតសរសើរចំពោះក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបងដែលបានយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខ និងមើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋាន របស់ខ្លួនបានយ៉ាងល្អប្រសើរ។បន្ថែមពីនេះ ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយចំពោះ ជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើង៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ