ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំវិស័យឯកជន ស្វែងរកដំណោះស្រាយបង្កើនប្រសិទ្ធភាព វិស័យថាមពលនៅកម្ពុជា ខណៈដែលតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន កើនឡើងជាសកល
Wed,08 April 2026 (Time 07:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 5នាក់)

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ .ជ) បានដឹកនាំកិច្ចប្រជុំជាមួយតំណាងវិស័យឯកជន ដើម្បីពិភាក្សាពី «បញ្ហាប្រឈម និងដំណោះស្រាយយុទ្ធសាស្ត្រ ក្នុងការបង្កើនប្រសិទ្ធភាពវិស័យប្រេងឥន្ធនៈ ឧស្ម័ន និងថាមពលនៅកម្ពុជា» ខណៈដែលតម្លៃប្រេងឥន្ធនៈ និងឧស្ម័នកើនឡើងជាសកល។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅអគារវីងថាវើ ដោយមានការចូលរួមពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសភាពាណិជ្ជកម្មតាមបណ្ដាខេត្ត តំណាងក្រុមការងារទាំង ១៦ផ្នែកឯកជន ក៏ដូចជាតំណាងសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ និងម្ចាស់ក្រុមហ៊ុនមកពីវិស័យថាមពល ដឹកជញ្ជូន វាយនភណ្ឌ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងកិច្ចប្រជុំនេះ វិស័យឯកជន បានលើកឡើងពីបញ្ហាប្រឈមជាចម្បង ដែលបណ្តាលមកពីការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ន ដែលបានប៉ះពាល់ដល់ថ្លៃដើមផលិតកម្ម និងការប្រកួតប្រជែងអាជីវកម្ម។ ពួកគេបានស្នើឲ្យសភាពាណិជ្ជកម្មកម្ពុជា ជួយស្វែងរកដំណោះស្រាយ និងនាំយកបញ្ហាទាំងនេះទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីពិចារណាដាក់ចេញវិធានការសមស្របក្នុងអំឡុងពេលមានសម្ពាធតម្លៃសកល។

តំណាងក្រុមហ៊ុនមួយចំនួន ក៏បានស្នើឲ្យរាជរដ្ឋាភិបាល តាមរយៈសភាពាណិជ្ជកម្មកម្ពុជា ពិចារណាព្យួរការយកថ្លៃសេវាប្រើប្រាស់អគ្គិសនីសម្រាប់រោងចក្រដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ជាបណ្ដោះអាសន្ន និងពិចារណាបង្កើនទម្ងន់ផ្ទុកទំនិញសម្រាប់ការដឹកជញ្ជូន ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូនទំនិញ និងកសិផល។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានជំរុញឲ្យវិស័យឯកជនចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ដើម្បីពង្រឹងសន្តិសុខថាមពល និងភាពធន់សេដ្ឋកិច្ចរបស់កម្ពុជា ខណៈប្រទេសកម្ពុជា កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាជាសកល និងបញ្ហាប្រឈមក្នុងតំបន់។

អ្នកឧកញ៉ា បានបញ្ជាក់ថា វិស័យថាមពល គឺជាសសរស្ដម្ភសំខាន់នៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែកំពុងប្រឈមនឹងសម្ពាធពីការប្រែប្រួលតម្លៃសកល និងការរំខានខ្សែសង្វាក់ផ្គត់ផ្គង់។ ការកើនឡើងតម្លៃប្រេង និងឧស្ម័ន ដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា បានប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើមផលិតកម្ម និងសកម្មភាពអាជីវកម្មនៅក្នុងប្រទេស។

ទោះជាយ៉ាងណា អ្នកឧកញ៉ាប្រធាន បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ដែលបានអនុវត្តវិធានការសំខាន់ៗ ដូចជា ការកាត់បន្ថយពន្ធ និងអាករលើប្រេងឥន្ធនៈ ដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។ អ្នកឧកញ៉ា ក៏បានបញ្ជាក់ថា ទោះបីជាតម្លៃប្រេងឡើងខ្ពស់ក៏ដោយ កម្ពុជាមិនមានបញ្ហាខ្វះខាតប្រេងប្រើប្រាស់ឡើយ ខណៈតម្លៃអគ្គិសនី ក៏មិនត្រូវបានដំឡើងថ្លៃផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តឲ្យវិស័យឯកជន ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងបង្កើនការប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់លើអាទិភាពសំខាន់ៗ រួមមាន ការធានាសន្តិសុខផ្គត់ផ្គង់ ដោះស្រាយតម្រូវការកសិកម្មបន្ទាន់ ជំរុញការផ្លាស់ប្តូរថាមពល និងពង្រឹងភាពធន់ផ្នែកសុខភាពសាធារណៈ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានបង្ហាញទំនុកចិត្តថា កិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល នឹងជួយឲ្យកម្ពុជា អាចសម្របខ្លួនទៅនឹងស្ថានភាពសកលដែលកំពុងផ្លាស់ប្តូរ និងបន្តរក្សាកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ