ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានក្រើនរំលឹកឱ្យមន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ នៅគ្រប់កម្រិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។លោករដ្ឋមន្ត្រី បានណែនាំបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ ប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នៅទីស្តីការក្រសួង។លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីបន្តពង្រឹងប្រសិទ្ធភាព និងគុណភាពការងារសម្រាប់អង្គភាព និងមូលដ្ឋានសុខាភិបាលទាំងអស់ ឱ្យកាន់តែល្អប្រសើរ ក្នុងនោះត្រូវពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត លើប្រព័ន្ធបញ្ជូន ដើម្បីធានាការអនុវត្តការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព, អង្គភាពសុខាភិបាល និងមន្រ្តីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត លើការងារចាក់វ៉ាក់សាំងមហារីកមាត់ស្បូន (HPV) ដល់ក្រុមកុមារីអាយុ៩ឆ្នាំ និងគោលដៅអាយុបន្ត និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តពង្រឹងការទប់ស្កាត់ជំងឺឆ្លង នៅតាមច្រកព្រំដែននានា។សូមជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី, នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី គីម សុខលាភ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។ក្រសួងសុខាភិបាល បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជារៀងរាល់ឆ្នាំ ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី ដែលនឹងចុះអភិបាល ជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល និងជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ