បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងប្រើប្រាស់ទឹកដោយសន្សំសំចៃ អំឡុងពេលរដូវប្រាំងនេះ ទោះបីជាប្រភពទឹកធំៗនៅក្នុងខេត្តបាត់ដំបងមានទឹកគ្រប់គ្រាន់ក៏ដោយ។ឯកឧត្តម សុខ លូ បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៥៤៩បណ្ណ ជូនប្រជាពលរដ្ឋចំនួន៣៩៥គ្រួសារ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពន្លឿនការចុះបញ្ជី និងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងនីតិរដ្ឋ លើកកម្ពស់អភិបាលកិច្ច បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ឯកឧត្តម ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះត្រូវថែរក្សាបណ្ណឱ្យបានល្អ ខណៈដីធ្លីជាអាយុជីវិតរបស់ប្រជាពលរដ្ឋព្រោះមនុស្សចេះតែបន្តកើនឡើងតែដីធ្លីមិនកើតថ្មីនោះទេ។ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា ការផ្ដល់ជូនបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះពុំមានការបង់ថ្លៃសេវាក្រៅផ្លូវការនោះទេ ដោយតម្រូវឱ្យប្រជាពលរដ្ឋបង់តែសេវាផ្លូវការរបស់រដ្ឋតែប៉ុណ្ណោះ។អំឡុងពេលវិបត្តិប្រេងឥន្ធនៈឡើងថ្លៃជាសកលនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ទិញប្រេងស្តុកទុកដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ព្រោះបច្ចុប្បន្ននេះកម្ពុជានៅតែបន្តនាំប្រេងចូលមិនខ្វះប្រេងសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ឯកឧត្តម លើកទឹកចិត្តឱ្យមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រេងដោយសន្សំសំចៃទោះបីជាកម្ពុជាមិនខ្វះប្រេងក៏ដោយ។ឯកឧត្តម ក៏បានជំរុញប្រជាពលរដ្ឋត្រូវខិតខំអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមរាយការណ៍ពីបញ្ហាគ្រឿងញៀនតាមរយៈកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ដើម្បីឱ្យសមត្ថកិច្ចចុះអន្តរាគមន៍នៅមូលដ្ឋាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ