ត្បូងឃ្មុំ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្ពោធឆ្លងឧបដ្ឋានសាលា កុដិ និងសមិទ្ធផលនានា នៅក្នុងវត្តសិរីគង្គា (ហៅវត្តបឹងព្រួល) ស្ថិតក្នុងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ។បើតាមលោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា វត្តសិរីគង្គា មានអាយុកាល ៤៥ ឆ្នាំ (កសាងតាំងពីឆ្នាំ១៩៨១) បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនរួមមាន ឧបដ្ឋានសាលា កុដិថ្មពីរជាន់ របង ក្លោងទ្វារ ព្រះស្តូប ចេតិយ និងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញវត្ត ដែលសមិទ្ធផលទាំងនេះ ចំណាយថវិកាសរុបអស់ចំនួន ២៤៦.៦៤២ ដុល្លារអាមេរិក។ ថវិកាទាំងនេះ បានមកពីសទ្ធាជ្រះថ្លារបស់លោកទេសរដ្ឋមន្ត្រី គន់ គីម និងភរិយា រួមជាមួយសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ។ថ្លែងក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា សមិទ្ធផលទាំងនេះ បានកើតឡើង ដោយមានការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជនពីទីជិតឆ្ងាយ ក្រោមការជឿជាក់ និងការដឹកនាំរបស់ព្រះចៅអធិការ ជាពិសេស ភាពឆ្លាវៃ របស់ព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ក្នុងការកៀរគរថវិកាពីសប្បុរសជន ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បី ដោះស្រាយការងារប្រចាំថ្ងៃ និងអភិវឌ្ឍន៍ទីអារាមរបស់ខ្លួន ពោលគឺ វត្តអារាមនីមួយៗ ពុំមានប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បីយកមកផ្គត់ផ្គង់ព្រះសង្ឃ ក៏ដូចជា កិច្ចការមួយចំនួនទៀត រួមទាំង ការកសាងសមិទ្ធផលនានា នៅក្នុងវត្តនោះឡើយ។លោកអភិបាលខេត្ត បានបន្តថា “ថ្ងៃនេះ យើងបានសម្ពោធឆ្លងឧបដ្ឋានសាលា កុដិ និងសមិទ្ធផលនានាមួយចំនួនទៀត ហើយនាថ្ងៃខាងមុខ យើងនឹងមានកសាងនូវសមិទ្ធជាបន្តបន្ទាប់ទៀត ពោលគឺ អាស្រ័យទៅលើធនធានដែលយើងមានផងដែរ ។ ដូច្នេះ ការកសាងសមិទ្ធផលនៅទីនេះ ត្រូវទាមទារឲ្យមានការចូលរួមចំណែកពីពុទ្ធបរិស័ទ ក៏ដូចជាសប្បុរសជនជាប្រចាំ និងតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីលើកកម្ពស់តម្លៃ នៃវិស័យព្រះពុទ្ធសាសនាឲ្យថ្កុំថ្កើងរុងរឿង ទ្វេរឡើងថែមទៀត។”ឆ្លៀតឱកាសក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងក្រើនរម្លឹកដល់អាជ្ញាធរស្រុក-ឃុំ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវរឹតបន្តឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដោយផ្តោតសំខាន់លើការបង្ក្រាបគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ