សៀមរាប៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី២៥ ខែមេសានេះ បានរៀបចំទិវាធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៦ នៅក្រុងសៀមរាប ក្រោមវត្តមានលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន។លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា ដោយមើលឃើញនូវបញ្ហាប្រឈមខ្ពស់លើកង្វះការយល់ដឹងរបស់សាធារណជណអំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង, និយ័តករធានារ៉ាប់រងកម្ពុជា បានខិតខំរៀបចំទិវាធានារ៉ាប់រងជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្ត/ក្រុងនានា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន។ ជាមួយគ្នានេះ ក៏ជាការបង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុ នៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។លោកបានលើកឡើងថា ទិវានេះ ក៏ដើម្បីបង្ហាញដល់សាធារណជនថា វិស័យធានារ៉ាប់រង ជាវិស័យដ៏សំខាន់មួយដែលមានតួនាទីយ៉ាងសកម្ម និងចាំបាច់ក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកសង្ឃឹមជឿជាក់ថា ទិវាធានារ៉ាប់រងនាឆ្នាំនេះ នឹងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ជាពិសេសប្រជាពលរដ្ឋនៅខេត្តសៀមរាប និងបណ្តាខេត្តជាប់ខេត្តសៀមរាប និងបង្កើនទំនុកចិត្តលើសេវាធានារ៉ាប់រងនៅកម្ពុជា បន្ទាប់ពីបានចូលរួមទិវានេះ ដែលមានរយៈពេល២ថ្ងៃគឺ ថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមេសា។លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំទិវាប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីផលិតផលធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើសេវាធានារ៉ាប់រង ជាពិសេស សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលមានការតាំងពិពណ៌ក្រុមហ៊ុនធានារ៉ាប់រង និងផលិតផលធានារ៉ាប់រងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។លោកបានលើកឡើងថា ទោះជាទំហំទីផ្សារធានារ៉ាប់រងកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើធៀបនឹងទំហំសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ គឺមានអត្រាភាគទានតែ ១,១១% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រងសម្រាប់មនុស្សម្នាក់ បានតែប្រមាណជាង ២០ដុល្លារអាម៉េរិកប៉ុណ្ណោះ។ លើសពីនេះ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងសកលលោក ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានទំហំតូច ដែលបង្ហាញនូវសក្តានុពលធំធេងសម្រាប់ការ អភិវឌ្ឍនាពេលខាងមុខ។លោករដ្ឋលេខាធិការ បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៨ ជូននិយ័តករធានារ៉ាប់រងកម្ពុជា គ្រឹះស្ថានធានារ៉ាប់រង និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅអនុវត្ត រួមមាន៖១). ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសជំរុញការអនុវត្ត “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុ ២០២៥-២០៣០” និង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានា រ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដែលត្រូវបានធ្វើបច្ចុប្បកម្មថ្មីៗនេះ។២). ត្រូវបន្តបង្កើនសមត្ថភាពរបស់និយ័តករ ក្នុងការត្រួតពិនិត្យគ្រឹះស្ថានធានារ៉ាប់រងទាំងអស់ ទាំងលើស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការទីផ្សារ ឱ្យដល់កម្រិតអន្តរជាតិតាមគោលការណ៍គ្រឹះធានារ៉ាប់រង (Insurance Core Principles-ICPs) របស់សមាគមនិយ័តករធានារ៉ាប់រងអន្តរជាតិ (IAIS) ។៣). ត្រូវបន្តជំរុញការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង តាមរយៈការបង្កើនការផ្សព្វផ្សាយ និងអប់រំសាធារណជនអំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង និងផលិតផលធានារ៉ាប់រង តាមគ្រប់រូបភាព និងមធ្យោបាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។៤). ត្រូវយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង តាមរយៈ ការពង្រឹងការអនុវត្តបទប្បញ្ញត្តិស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង និង បទប្បញ្ញត្តិពាក់ព័ន្ធ និងការជំរុញការប្រើប្រាស់យន្តការទទួលនិងដោះស្រាយប ណ្តឹងធានារ៉ាប់រង តាមគេហទំព័ររបស់និយ័តករ និង កម្មវិធីទូរស័ព្ទដៃ (Mobile Apps) “បណ្ដឹងធានារ៉ាប់រង (Insurance Complaint)” ដើម្បីកសាងទំនុកចិត្តរបស់សាធារណជន។៥). ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការជំរុញការបង្កើតវិទ្យាស្ថានធានារ៉ាប់រងកម្ពុជា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈធានារ៉ាប់រង ប្រកបដោយគុណភាពខ្ពស់ ស្របតាមកម្រិតតំបន់ និងអន្តរជាតិ, ការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារ និងជើងសាធារ៉ាប់រង និងការលើកកម្ពស់គុណភាពនៃការដោះស្រាយសំណងឱ្យបានរហ័ស ងាយស្រួល និងមានតម្លាភាពជូនអ្នកទាមទារសំណង។៦). ត្រូវបន្តពង្រីកទីផ្សារធានារ៉ាប់រងឱ្យបានទូលំទូលាយ តាមរយៈការបង្កើតផលិតផលថ្មីៗ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងធុរកិច្ច ដូចជា ៖ ផលិតផលធានារ៉ាប់រងសម្រាប់សហគ្រាសធុនតូចនិងមធ្យម ធានារ៉ាប់រងកសិកម្ម និងធានារ៉ាប់រងគ្រោះមហន្តរាយជាដើម។៧). ត្រូវបន្តជំរុញការអនុវត្តការធានារ៉ាប់រងភារៈទទួលខុសជាកាតព្វកិច្ច ចំពោះម្ចាស់ យានយន្តប្រកបអាជីវកម្ម, ម្ចាស់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋាន សាងសង់ ដែលបានកំណត់ដោយច្បាប់ស្តីពីការធានារ៉ាប់រង ។ លើសពីនេះ ត្រូវព ន្លឿនការរៀបចំដាក់ឱ្យអនុវត្តការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តជា កាតព្វកិច្ច ចំពោះប្រភេទយានយន្តគ្រួសារ។៨). ត្រូវបន្តជំរុញការប្រើប្រាស់ និងបង្កើតប្រព័ន្ធបច្ចេកវិទ្យាធានារ៉ាប់រង (InsurTech) នៃ ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) សម្រាប់ជំរុញអាជីវកម្មធានារ៉ាប់រង ស្របតាម “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥” និង “គោលនយោបាយរដ្ឋាភិបាល ឌីជីថល ២០២២-២០៣៥” មានដូចជា ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់លក់ផលិតផលធានារ៉ាប់រង, សម្រាប់ធ្វើសំណងធានារ៉ាប់រង, និងសម្រាប់គណនាអត្រាបុព្វលាភធានា រ៉ាប់រង ជាដើម។ ជាមួយគ្នានេះ និយ័តករធានារ៉ាប់រងកម្ពុជា ត្រូវបន្តជំរុញបង្កើត ប្រព័ន្ធបច្ចេកវិទ្យា រួមមាន ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រង (RegTech) និង ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ត្រួតពិនិត្យ (SupTech) ដើម្បីធានាប្រសិទ្ធភាពនៃការ ធ្វើនិយ័តកម្មទីផ្សារធានារ៉ាប់រងកម្ពុជា។យោងតាមរបាយការណ៍បានឱ្យដឹងថា នៅឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣៦៧លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល និងបានផ្តល់ការធានាជូនប្រជាពលរដ្ឋ ប្រមាណជាង ៣លានបណ្ណសន្យារ៉ាប់រង ជាទឹកប្រាក់ធានាចំនួនជាង ១១៧ប៊ីលានដុល្លារអាម៉េរិក និងបានទូទាត់សំណងជូនអតិថិជន ចំនួនជាង ៦៨លានដុល្លារអាម៉េរិក។បន្ថែមលើការផ្តល់សំណាញ់សុវត្ថិភាពសង្គម វិស័យធានារ៉ាប់រងកម្ពុជា ក៏បានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ ដោយគ្រឹះស្ថានធានារ៉ាប់រងទាំង ១១២ មានទ្រព្យសកម្មសរុបចំនួនប្រមាណ ១,៣ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតការងារពេញម៉ោង (Full-time Job) ចំនួនប្រមាណជាង ៤.០០០កន្លែង និងការងារក្រៅម៉ោង (Part-time Job) ប្រមាណ ១៣.០០០កន្លែង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ