ឡុងដ៍៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles III នឹងយាងចេញទៅបំពេញ ព្រះរាជទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក ចំពេលដែលភាពរកាំរកូសបានកើតមានឡើង ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ អំឡុងអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ។ព្រះរាជវាំង Buckingham និងរដ្ឋាភិបាលអង់គ្លេស បាននិយាយថា ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ របស់ព្រះអង្គ Charles នឹងគោរពដល់ទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលសហរដ្ឋអាមេរិក ប្រារព្ធខួប២៥០ឆ្នាំនៃការទទួលបានឯករាជ្យ។ វានឹងជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ព្រះអង្គ Charles ទៅកាន់សហរដ្ឋអាមេរិក ហើយធ្វើឡើង តបតាមសំណើរបស់រដ្ឋាភិបាលអង់គ្លេស និងលោក ត្រាំ។យ៉ាងណាមិញ វាចំពេលដែលសង្រ្គាមរបស់លោកប្រធានាធិបតីអាមេរិកជាមួយអ៉ីរ៉ង់ បានបង្កឱ្យមានភាពរកាំរកូសរវាងទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៉ីនតោន។ លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀត ចំពោះនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ជុំវិញ ជំហរប្រឆាំងសង្រ្គាមរបស់លោក។លោក ត្រាំ បាននិយាយថា លោក Starmer មិនដូចលោក Winston Churchill ដែលជា នាយករដ្ឋមន្រ្តីអង់គ្លេស កាលពីសម័យសង្រ្គាមលោកលើកទី២នោះទេ ហើយទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ហាក់ពុំដូចមុនឡើយ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ក៏បាននិយាយឌឺដងចំពោះស្ថានភាពយោធាចក្រភពអង់គ្លេស ដែលមានព្រះមហាក្សត្រជាអគ្គមេបញ្ជាការកំពូល ថែមទៀតផង។ការស្ទង់មតិកាលពីដើមខែមេសានេះ បានបង្ហាញថា ប្រជាជនអង់គ្លេសប្រមាណជា៤៨ភាគរយ គាំទ្រឱ្យលុបចោលព្រះរាជទស្សនកិច្ចខាងលើ ខណៈលោក Starmer ទោះបានបង្កើនការរិះគន់សង្រ្គាមរបស់លោក ត្រាំ ក៏ដោយ បាននិយាយការពារទស្សនកិច្ចផ្លូវរដ្ឋនោះ ដោយសង្កត់ធ្ងន់ពីសារសំខាន់នៃទំនាក់ទំនងអង់គ្លេស-អាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គ Charles ពិតជាអាចជួយជួសជុលទំនាក់ទំនងឡើងវិញ។គួរបញ្ជាក់ថា ព្រះអង្គ Charles បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ដូណាល់ ត្រាំ មកកាន់ចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ២០២៥៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ