ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកនាំពាក្យ៖ កម្ពុជាក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតបែបចាស់ទុំ និងសន្តិភាពនិយម
Thu,23 April 2026 (Time 03:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា កម្ពុជាក្នុងយុគសម័យតេជោ-ធិបតី ប្រកាន់យកគោលនយោបាយការទូតបែបចាស់ទុំ និងសន្តិភាពនិយម ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោរពគោលការណ៍ពហុភាគីនិយម។ នយោបាយការទូតដ៏សមស្របនិងឥតប្រែប្រួលនេះ គឺជាកាតាលីករជំរុញឱ្យកម្ពុជាឱ្យបោះជំហានទៅមុខយ៉ាងរឹងមាំក្នុងទិសដៅពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ដែលធ្វើឱ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្រប់បណ្តាប្រទេសនៅលើពិភពលោក។

ឯកឧត្ដមបានលើកឡើងថា កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន បានប្រព្រឹត្តទៅដូចការគ្រោងទុកកាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស ក្រោមអធិបតីភាពសហប្រធានដែលភាគីកម្ពុជាមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ ចំណែកភាគីចិនមានឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិ។

ឯកឧត្ដមអ្នកនាំពាក្យបន្តថា កិច្ចសន្ទនានេះបានបញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ឯកឧត្ដម ប៉ែន បូណា បានបន្ថែមថា មុនបើកកិច្ចប្រជុំនេះ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូបបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ភាគីទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំនិងយូរអង្វែង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតីក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

កិច្ចពិភាក្សាក៏បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិ និងសន្តិសុខ ថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកសិកម្ម ជាដើម។ ភាគីទាំងពីរក៏បានបន្តផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ។ ដោយឡែក ការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានសម្តេចធិបតីជម្រាបជូនដៃគូសន្ទនា ដោយកម្ពុជាបានបញ្ជាក់សាជាថ្មីនូវជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងកម្ពុជា-ថៃ។

ឯកឧត្ដម ប៉ែន បូណា បានឱ្យដឹងទៀតថា ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា នេះដែរ។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដដែល ប្រមុខការទូតកម្ពុជា-ចិន នឹងមានជំនួបពិភាក្សាស៊ីជម្រៅស្តីពី ការជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុង និងក្រៅតំបន់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ