ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។នាឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងក្រសួង និង JCA ដែលជាស្ពានភ្ជាប់អ្នកវិនិយោគ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការលើកកម្ពស់កម្លាំងពលកម្មជំនាញតាមរយៈការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន។លោក ហេង សួរ បានលើកឡើងពីសក្តានុពល ឱកាសវិនិយោគ និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា ជាពិសេសធនធានយុវជនកាន់តែមានសមត្ថភាពខ្ពស់ប្រកបដោយថាមពល តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របតាមតម្រូវការទីផ្សារ និងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាចង់ឃើញមានការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើនឡើង។លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ JCA ពិចារណាស្វែងរកវិធីសាស្រ្តគន្លឹះក្នុងការបណ្តុះបណ្តាលភាសាជប៉ុនឱ្យកាន់តែងាយស្រួល និងឆាប់ចេះនិយាយ ជាពិសេសពាក់ព័ន្ធនឹងពាក្យបច្ចេកទេសដែលជាបញ្ហាប្រឈមមួយនាពេលកន្លងមក។ភាគីទាំងពីរ ក៏បានពិភាក្សាពីសារៈសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ និងពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស ដែលមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅប្រទេសជប៉ុនផងដែរ។ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនពីការពង្រឹង និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ដែលក្នុងនោះ ក៏មានក្រុមហ៊ុន Toyota ជប៉ុនផងដែរ។ ការណ៍នេះ បង្ហាញថា ក្រសួងស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសទាំងអស់ដែលអាចជួយបំពេញបន្ថែមទៅលើការណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាបាន។ ក្រសួងស្វាគមន៍ចំពោះការវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចសហការផ្សេងៗទៀតជាមួយភាគីជប៉ុន ជាពិសេសក្នុងវិស័យ TVET និង ការបើកឱកាសដល់យុវជនកម្ពុជាទៅធ្វើការនៅជប៉ុនបន្ថែមទៀត។ជាការឆ្លើយតប លោក តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋមន្រ្តី ដែលបានផ្លាស់ប្តូរទស្សនៈ បទពិសោធ និងបង្ហាញពីការងារអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយលោកបានគូសបញ្ជាក់ថា JCA ចង់ពង្រីកកិច្ចសហការជាមួយក្រសួង ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជូនពលករខ្មែរទៅជប៉ុន ពីព្រោះថា ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មវ័យក្មេង។លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួង ចំពោះការគាំទ្រ JCA ឱ្យបានបំពេញប្រតិបត្តិការក្នុងរយៈពេល ៣ឆ្នាំមកនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ