ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា ប្តេជ្ញាប្រឹងប្រែងក្នុងការពូនជ្រុំ ទំនាក់ទំនងរវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ និងពាណិជ្ជកម្ម
Thu,02 April 2026 (Time 06:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្ត ចំពោះការលើកឡើង របស់អគ្គរដ្ឋទូតថ្មីសិង្ហបុរី លើការប្ដេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ការទូត និងនយោបាយ ខណ:សិង្ហបុរី បានចូលរួមចំណែក ជាពិសេស ការបញ្ជូនអ្នកសង្កេតការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា និងថៃ។


មានប្រសាសន៍បែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។


យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័ស របស់លោក មកកាន់តំណែងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជានាពេលនេះ បញ្ជាក់យ៉ាងច្បាស់ពីការផ្ដល់តម្លៃរបស់សិង្ហបុរី ចំពោះទំនាក់ទំនងជាមួយនឹងកម្ពុជា ។


នៅក្នុងឱកាសនោះ លោកអគ្គរដ្ឋទូត បានលើកឡើងថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងជាយូរអង្វែងជាមួយគ្នា ដែលកាលពីឆ្នាំ២០២៥ កន្លងទៅ ប្រទេសទាំងពីរ បានប្រារព្ធគ្រប់ ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ហើយការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច ទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសិង្ហបុរី ។


លោកបានលើកឡើងផងដែរថា នៅក្នុងអាណត្តិរបស់លោក ជាអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងក្នុងការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស ការពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះ លោកសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងកៀងគរអ្នកវិនិយោគសិង្ហបុរី ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយនេះ លោកក៏នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកលើផ្នែកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែមានភាពស្អិតល្មួត តាមរយៈបង្កើតនូវផ្នែកទេសចរណ៍ឱ្យប្រជាជន ប្រទេសទាំងពីរ ធ្វើទស្សនាទៅវិញទៅមក កាន់តែច្រើនថែមទៀត ។


នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើង របស់លោកអគ្គរដ្ឋទូតថ្មី លើការប្ដេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
សម្ដេចតេជោ ឯកភាពនៅការលើកឡើងរបស់លោក ចំពោះការផ្លាស់ប្ដូរ នៃទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលបង្ហាញយ៉ាងច្បាស់ អំពីចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរ ។
សម្ដេចតេជោ ក៏បានលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា បានទស្សនកិច្ច នៅប្រទេសសិង្ហបុរី នាឆ្នាំ២០២៤ ហើយនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានមកទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២៥ កន្លងទៅ ដែលជានិមិត្តរូបមួយនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី ។ បន្ថែមលើនេះ សម្ដេចតេជោ ក៏បានអរគុណចំពោះសិង្ហបុរី ក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានឆ្លៀតលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយក៏អរគុណចំពោះសិង្ហបុរី បានចូលរួមចំណែក ជាពិសេស ការបញ្ជូនអ្នកសង្កេតការណ៍ ក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជា និងថៃនេះ ។
សម្ដេចតេជោ បានគូសបញ្ជាក់ទៅកាន់លោកអគ្គរដ្ឋទូតរបស់សិង្ហបុរីថា ជំហររបស់កម្ពុជា នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ។ ជាមួយនេះ កម្ពុជា នៅតែរក្សាចំហ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ នាពេលកន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ