ឡុងអាន៖ ក្រុមហ៊ុនកែច្នៃផលិតផលកសិកម្ម និងផលិតអាហារកំប៉ុងវៀតណាមមួយ ដែលឈ្មោះថា CANARD Vietnam Co, Ltd. ស្វែងរកដៃគូពាណិជ្ជកម្មជាមួយសមាជិកសភាពាណិជ្ជកម្មកម្ពុជា ជាពិសេសលើការផ្គត់ផ្គង់ផ្លែស្វាយសម្រាប់ខ្សែច្រវ៉ាក់ផលិតកម្ម។ នេះបើតាមការឱ្យដឹងពីលោក Tran Hoang An ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន CANARD Vietnam Co, Ltd. នៅរសៀលថ្ងៃទី១ ខែមេសា ក្នុងឱកាសទទួលបដិសណ្ឋារកិច្ចប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ ទៅទស្សនកិច្ចរោងចក្រចំនួន ២ទីតាំងរបស់ក្រុមហ៊ុន ក្នុងខេត្តឡុងអាន។ លោកអគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានប្រមូលទិញកសិផលកសិកម្មជាពិសេសផ្លែស្វាយនៅក្នុងស្រុក និងការផ្គត់ផ្គង់លក្ខណៈតូចៗពីឈ្មួញនៅកម្ពុជា សម្រាប់បម្រើច្រវ៉ាក់ផលិតកម្មកែច្នៃជាដំណាប់ស្វាយ។ ក្នុងន័យនេះ លោក ចង់ស្វែងរកដៃគូពាណិជ្ជកម្មពីកម្ពុជា ដែលអាចផ្គត់ផ្គង់ផ្លែស្វាយល្ខណៈទ្រង់ទ្រាយធំសម្រាប់បម្រើខ្សែច្រវ៉ាក់ផលិតកម្ម ក៏ដូចជាការពង្រីកខ្សែច្រវ៉ាក់ផលិតកម្មបន្ថែមទៀត។បើតាមលោកអគ្គនាយក បានឱ្យដឹងបន្ថែមថា ក្រៅពីការកែច្នៃផលិតផលកសិកម្ម ក្រុមហ៊ុន CANARD Vietnam Co, Ltd. ក៏ជាក្រុមហ៊ុនកែច្នៃម្ហូបអាហារកំប៉ុង ដែលមានផលិតផលសំខាន់ៗរបស់ខ្លួន រួមមាន ប៉ាតេថ្លើមពពែ ប៉ាតេថ្លើមទា ប៉ាតេថ្លើមមាន់ ត្រីធូណា សាច់ពពែ រួមជាមួយសាច់អាប៉ាឡូន និងបេះដូងទា ជាដើម។ ផលិតនៅក្នុងរោងចក្រនេះ គោរពតាមស្តង់ដារ ISO 22000 និង HACCP និងត្រូវបានចុះបញ្ជីជាមួយ FDA សហរដ្ឋអាមេរិក។ លោក បញ្ជាក់ថា ផលិតផល Canard មិនប្រើសារធាតុរក្សាទុក ឬរសជាតិសិប្បនិម្មិតទេ ដែលធានាសុវត្ថិភាព និងរក្សារសជាតិធម្មជាតិ។ជាការឆ្លើយតប ឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណដល់លោកអគ្គនាយកក្រុមហ៊ុន CANARD Vietnam Co, Ltd. ដែលបានផ្តល់ឱកាសដល់ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានមកទស្សនកិច្ច និងស្វែងយល់ដោយផ្ទាល់ពីខ្សែច្រវ៉ាក់ផលិតកម្មរបស់ក្រុមហ៊ុន។ឧកញ៉ា ហេង សំណាង បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះបំណងចាប់ដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុន CANARD Vietnam Co, Ltd. ជាមួយវិនិយោគិនកម្ពុជា ជាពិសេសលើការផ្គត់ផ្គង់ផ្លែស្វាយ។ ឧកញ៉ា ហេង សំណាង បានអញ្ជើញលោកអគ្គនាយកក្រុមហ៊ុន CANARD Vietnam Co, Ltd. និងសហការី ទៅទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជា ជាពិសេសនៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យមើលសក្តានុពលវិស័យកសិកម្មរបស់កម្ពុជា ដើម្បីពិចារណាក្នុងការចាប់ដៃគូពាណិជ្ជកម្ម និងការដាក់ទុនវិនិយោគជាដើម។ ឧកញ៉ា ហេង សំណាង ក៏បានសំណូមពរដល់លោក ប្រធានក្រុមហ៊ុន CANARD Vietnam Co, Ltd. ពិចារណាក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម និងអាហារកំប៉ុងនៅកម្ពុជា ដែលស្របនឹងគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ