(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។បើតាមរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា សភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។ បទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។ យុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ត្រូវបានប្រតិបត្តិការបង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។ក្នុងឱកាសនោះ លោក សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមូលដ្ឋាន។ លោកបានដាស់តឿនអាជ្ញាធរក្រុងស្រុកត្រូវបង្កើនការយកចិត្តទុកដាក់ អន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ឲ្យបានទាន់ពេលវេលា ខណៈរដូវវស្សាជិតចូលមកដល់ ភ្លៀងលាយឡំខ្យល់កន្រ្តាក់ កើតឡើងជាបន្តបន្ទាប់។លោកអភិបាលខេត្ត បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងបានយ៉ាងល្អប្រសើរ។ លោកក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តតាមដាន ឲ្យបានដិតដល់កុំឲ្យមានបទល្មើស Online Scams កើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។លោក សុខ លូ ណែនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍គិតគូរសិក្សាដាក់ផ្លាកសញ្ញា កែសម្រួលសញ្ញាចរាចរណ៍ និងគូសគំនូសតាមដងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ ព្រមទាំងបង្រ្កាបរថយន្តកែច្នៃតទ្រុងខុសបច្ចេកទេសដឹកសំពីងសំពោងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។លោកលើកទឹកចិត្តដល់មន្រ្តីរាជការ និងកងកម្លាំងចូលរួមក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើង ការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ