កណ្តាល៖ ក្នុងគោលបំណងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណ្ឌភាពឱ្យកាន់តែមានភាពស្រស់បំព្រង អាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានចុះអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជុំវិញបរិវេណផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។លោក ណុប ដារ៉ា បានមានប្រសាសន៍ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺផ្តោតសំខាន់លើការរៀបចំទីតាំងលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវសាធារណៈ ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងការសម្អាតអនាម័យបរិស្ថាន។ អាជ្ញាធរបានណែនាំដល់អាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវ ឱ្យរុះរើតូប ឬការដាក់តាំងទំនិញដែលបង្កការរំខានដល់ការធ្វើដំណើររបស់ថ្មើរជើង និងយានយន្ត ពិសេសទៀតនោះគឺស្លាកយីហោរបស់ពួកគាត់លយមកចំណីផ្លូវសាធារណៈ គឺអាជ្ញាធរតម្រូវអោយរុះរើជាបន្ទាន់ដោយគ្មានការលើកលែងឡើយ។លោក បន្តថា ការរៀបចំសណ្តាប់ធ្នាប់នេះ គឺដើម្បីកាត់បន្ថយការកកស្ទះនៅជុំវិញតំបន់ផ្សារ ដែលតែងតែបង្កឡើងដោយការចតយានយន្ត និងការលក់ដូររំលោភលើផ្លូវ និងជំរុញឱ្យមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសវាលពាសកាលនៅមុខកន្លែងលក់ដូរ។ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អាជ្ញាធរ ព្រោះការរៀបចំសណ្តាប់ធ្នាប់នេះមិនត្រឹមតែធ្វើឱ្យផ្លូវមានភាពទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យការដើរទិញទំនិញមានភាពងាយស្រួលជាងមុន។ទន្ទឹមនឹងការចុះអនុវត្តនេះ អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់អាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការជាមួយអាជ្ញាធរ ដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។ អាជ្ញាធរនឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការកែលម្អជីវភាពរស់នៅ និងបរិយាកាសទូទៅនៅក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែប្រសើរឡើង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ