ភ្នំពេញ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល យុវជន និងប្រព័ន្ធផ្សព្វផ្សាយ បានរួមគ្នាសម្ពោធរបាយការណ៍អភិវឌ្ឍន៍ទឹកពិភពលោក ឆ្នាំ២០២៦ របស់អង្គការសហប្រជាជាតិ (WWDR) ដែលបោះពុម្ពដោយអង្គការយូណេស្កូ ក្នុងនាម UN-Water ។របាយការណ៍នេះ បានចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា មុនទិវាទឹកពិភពលោកឆ្នាំ២០២៦ នៅថ្ងៃទី២២ ខែមីនា។ ប្រធានបទទិវាទឹកពិភពលោកឆ្នាំនេះ គឺយេនឌ័រ និងទឹក ហើយប្រធានបទនៃយុទ្ធនាការ គឺ “កន្លែងដែលទឹកហូរ គឺជាកន្លែងដែលសមភាព និងការរីកចម្រើនត្រូវបានបង្កើតឡើង”។កម្មវិធីសម្ពោធរបាយការណ៍នេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយមានការពិភាក្សាអំពីវិធីក្នុងការពង្រឹងសមភាពយេនឌ័រ និងការធ្វើអោយមានបរិយាបន្នលើគោលនយោបាយ និងការអនុវត្តបញ្ហាទឹកស្អាត និងអនាម័យនៅកម្ពុជា។គោលនយោបាយជាតិអំពីធនធានទឹក (២០០៤) របស់កម្ពុជា ដែលត្រូវបានបន្ថែមដោយច្បាប់គ្រប់គ្រងធនធានទឹក (២០០៧) និងអនុក្រឹត្យពីរ (មួយស្តីពីការគ្រប់គ្រងអាងទន្លេ និងមួយទៀតស្តីពីសហគមន៍កសិករប្រើប្រាស់ទឹក) បានកំណត់គោលការណ៍សំខាន់ៗសម្រាប់ការប្រើប្រាស់ទឹកឲ្យមានចីរភាព ធានាឱ្យមានសន្តិសុខទឹក និងការចែករំលែកដោយសមធម៌ក្នុងវិស័យផ្សេងៗ។គោនយោបាយ និងក្របខណ្ឌច្បាប់ទាំងនេះ រួមជាមួយនឹងការសហការពហុវិស័យ បានគូសបញ្ជាក់អំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវវិសយ័ទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ដែលរួមមាន តម្លៃសមរម្យ និងចីរភាព។យោងតាមទិន្នន័យនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ៦ ស្តីពីការប្រើប្រាស់ទឹក ប្រជាជនកម្ពុជាជាង ៣៣% បានប្រើប្រាស់សេវាទឹកដែលមានការគ្រប់គ្រងដោយសុវត្ថិភាពក្នុងឆ្នាំ២០២៤។ ប្រទេសកម្ពុជា មានធនធានទឹកច្រើន រួមទាំងទន្លេមេគង្គ និងបឹងទន្លេសាប ប៉ុន្តែតំបន់ជាច្រើនប្រឈមមុខនឹងការខ្វះខាតទឹកធ្ងន់ធ្ងរក្នុងរដូវប្រាំង ដែលប៉ះពាល់ដល់ធនធានទឹក និងសុវត្ថិភាពរបស់សហគមន៍ក្នុងការប្រកបរបរការចិញ្ចឹមជីវិត។ លើសពីនេះគម្លាតសមភាពយេនឌ័រ នៅតែមាននៅក្នុងការអនុវត្តជាក់ស្តែង។ ភ័ស្តុតាងបានបង្ហាញថា ស្ត្រី និងកុមារីត្រូវបានរងផលប៉ះពាល់ច្រើនដោយអសន្តិសុខទឹក។នៅពេលនិយាយអំពីដំណើរការធ្វើសេចក្តីសម្រេចចិត្តលើទឹកស្អាត និងអនាម័យ ស្ត្រីមានភាពជាតំណាងតិចតួចនៅក្នុងស្ថាប័នសំខាន់ៗដូចជានៅក្នុងសហគមន៍កសិករប្រើប្រាស់ទឹក(FWUCs) និងគណៈកម្មាធិការគ្រប់គ្រងអាងទន្លេ (RBCs) ដែលភាគច្រើនជាបុរស។ ការគាំទ្រ និងការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងគោលនយោបាយ និងការអនុវត្តអភិបាលកិច្ចទឹកក្នុងប្រទេសកម្ពុជា នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានជារឿង ដែលចាំបាច់ នឹងបន្ទាន់ដែលត្រូវធ្វើ។ការពិភាក្សា បានកំណត់នូវសកម្មភាពជាក់លាក់ដើម្បីដោះស្រាយគម្លាតយេនឌ័រដែលមានស្រាប់នៅក្នុងការគ្រប់គ្រងទឹក និងហិរញ្ញប្បទាននៅក្នុងប្រទេសកម្ពុជា។ គំនិត និងយោបល់ដែលទទួលបានទាំងនេះនឹងក្លាយជាចំណែកមួយដែលជួយផ្តល់ជាអនុសាសន៍ដល់កិច្ចខិតខំប្រឹងប្រែរបស់រដ្ឋាភិបាលដែលកំពុងតែអនុវត្តកន្លងមក តួយ៉ាងដូចជាផែនទីបង្ហាញផ្លូវក្នុងការងារអភិបាលកិច្ចធនធានទឹកដែលធន់នឹងអាកាសធាតុរបស់កម្ពុជា។លោកស្រី ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា "សន្តិសុខទឹកសម្រាប់ទាំងអស់គ្នា គឺជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយវាបាននឹងកំពុងកៀងគរកិច្ចសហការពីវិស័យជាច្រើន និងភាពជាដៃគូសម្រាប់ការអនុវត្តអភិបាលកិច្ចទឹកដែលប្រកបដោយបរិយាបន្នអោយកាន់តែប្រសើរឡើង។ បរិយាកាស និងសកម្មភាពជាច្រើន ត្រូវបានគាំទ្រដែលធ្វើអោយប្រសើរឡើងនូវភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមក្នុងការសម្រេចចិត្តការងារអភិបាលកិច្ចទឹក រួមទាំងការពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុដែលមានតម្លៃសមរម្យសម្រាប់សហគ្រិនភាពរបស់ស្ត្រី" ។លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់អង្គការអុកស្វាមក្នុងការគាំទ្រ និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការងារអភិបាលកិច្ចទឹក និងភាពធន់នឹងអាកាសធាតុ។លោកស្រីបានមានប្រសាសន៍ថា “អង្គការអុកស្វាម និងដៃគូបានសហការរៀបចំវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដែលពង្រឹងការអនុវត្ត និងគោលនយោបាយអភិបាលកិច្ចធនធានធម្មជាតិដែលប្រកបដោយបរិយាបន្នយេនឌ័រនៅកម្ពុជា។ វិធីសាស្រ្តរបស់យើងតែងតែនាំមកនូវការផ្លាស់ប្តូរជាប្រព័ន្ធ ដោយធ្វើការលើមូលហេតុចម្បងមួយចំនួនដែលនាំអោយមានវិសមភាព និងគម្លាត និងការកសាងសមត្ថភាពសម្រាប់អោយមានលទ្ធផលរយៈពេលវែង”។តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Flavio Bonetti បានលើកឡើងពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការពង្រឹងទំនាក់ទំនងរវាងអភិបាលកិច្ចទឹក សមភាពយេនឌ័រ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងអាងទន្លេមេគង្គក្រោម អង្គការយូណេស្កូកំពុងធ្វើការទាក់ទងនិងគម្លាតរវាង ទិន្នន័យ និងសមត្ថភាពក្នុងការគ្រប់គ្រងទឹកក្រោមដីឆ្លងព្រំដែន ព្រមទាំងការងារលើកកម្ពស់ការចូលរួមដោយស្មើភាពរបស់ស្ត្រីតាមរយៈចំណុចបង្គោលយេនឌ័រ និងផែនការសកម្មភាពយេនឌ័រទឹកក្រោមដី។ លើសពីនេះទៀត គម្រោងបម្រុងជីវមណ្ឌលបឹងទន្លេសាប (TSBR) បានបង្កើតយន្តការស្ត្រីជាអ្នកដឹកនាំកម្រិតខ្ពស់ក្នុងកិច្ចការសម្របសម្រួលដើម្បីធានាអភិបាលកិច្ចរឹងមាំ និងបញ្ចូលសមភាពយេនឌ័រក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់គម្រោង។កម្មវិធីសម្ពោធរបាយការណ៍នេះ ធ្វើឡើងរួមគ្នាដោយអង្គការអុកស្វាម ដែលជាផ្នែកមួយនៃគម្រោងបរិយាបន្នអភិបាលកិច្ចទឹកទន្លមេគង្គ និងគម្រោងភាពធន់នឹងអាកាសធាតុ ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) និងការិយាល័យអង្គការយូណេស្កូកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ