ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យមួយចំនួនធំដែលជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ថ្វាយប្រគេនចំពោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតីរាជវរារាម ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់សម្តេចជាអម្ចាស់ គម្រប់១០២ យាងចូល១០៣ព្រះវស្សា។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើថ្វាយព្រះពរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាទីឃាយុយឺនយូរ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនាអស់កាលជាអង្វែងតរៀងទៅ។ដោយតេជះនៃមហាកុសលផលបុណ្យនាឱកាសពេលនេះ សូមបុណ្យកុសល ជាពិសេសសូមទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យគោកធ្លករៀងមកដល់បច្ចុប្បន្ន ជួយទ្រទ្រង់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារទាំងមូល ឱ្យមានតេជះ មានសិរីសួស្ដី ភារកិច្ចការងារទទួលបានជោគជ័យ ឈ្នះអស់មារសត្រូវ និងជួបតែសេចក្ដីសុខចម្រើនជានិច្ចនិរន្តរ៍តទៅ កុំបីអាក់ខានឡើយ។ទន្ទឹមនឹងនោះ សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកុមារា ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា និងញាត្ដិការគ្រប់ៗសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។ម្យ៉ាងវិញទៀត សូមមហាកុសលផលបុណ្យនេះ បានផ្សាយឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វបុរសខ្មែរ វីរយុទ្ធជន វីរនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ បានទទួលនូវកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាពេលនេះ។ទន្ទឹមនឹងនេះសូមមហាកុសលផលបុណ្យនេះ ជួយជាកម្លាំងដល់វីរកងទ័ពនៅជួរមុខ ជួយទ្រទ្រង់ឱ្យមានស្មារតីរឹងមាំ មានតេជះឈ្នះអស់មារសត្រូវតទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ