បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានស្នើឱ្យកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន និងប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង បន្តការយកចិត្តទុកដាក់ខ្ពស់ចំពោះសង្គ្រាមដែលឈ្លានពានដោយប្រទេសថៃ។សម្តេចក្រឡាហោម ស ខេង បានស្នើបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមេភូមិ នៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម បានលើកឡើងនូវព្រះរាជព្រះរាជឱង្ការព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ នឹករលឹកប្រជារាស្ត្រ។ជាមួយគ្នានោះដែរ សម្តេចបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ក្រុមប្រឹក្សា និងអភិបាលស្រុក និងមន្ត្រីបម្រើការតាមបណ្ដាស្រុក ជាពិសេសកងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។សម្ដេច មានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងដឹងគុណយ៉ាងធំធេងចំពោះកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។សម្តេច មានប្រសាសន៍គូសបញ្ជាក់ថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងកងកម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ