ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ពេញចិត្ដចំពោះការសហការគ្នានៅតាមព្រំដែន កម្ពុជា-វៀតណាម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការទប់ស្កាត់នូវបទល្មើសឆ្លងដែន និងធានាឱ្យបាននូវព្រំដែនដែលមានសន្តិភាព និងការអភិវឌ្ឍ
Fri,10 April 2026 (Time 07:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ពេញចិត្ដចំពោះការសហការគ្នានៅតាមព្រំដែនដែលសម្ដេចបានជំរុញបន្ថែមទៀតឱ្យបណ្ដាអាជ្ញាធរនៅតាមព្រំដែនរវាងប្រទេសទាំងពីរដើម្បីធានាឱ្យបាននូវព្រំដែនដែលមានសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងអំពីការបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

មានប្រសាសន៍បែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាពរាជធានីភ្នំពេញ។

យោងតាម លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក ត្រិន កឹមទូ (Tran Cam Tu) និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចជាន់ខ្ពស់របស់សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាមមកកាន់ប្រទេសកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងវៀតណាម ហើយទស្សនកិច្ចនេះក៏បានបង្ហាញនូវនិមិត្តរូបនៃការជឿជាក់គ្នារវាងកម្ពុជា និងវៀតណាមផងដែរ។

នៅក្នុងឱកាសនោះ លោក ត្រិន កឹមទូ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកនិងប្រតិភូបានជួបសម្ដែងការគួរសម និងពិភាក្សានៅក្នុងឱកាសនេះ។ លោក បានលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពស្អិតរមួត និងរឹងមាំ ហើយកន្លងតាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំរដ្ឋនៃប្រទេសទាំងពីរបានបង្ហាញយ៉ាងច្បាស់អំពីការលើកកម្ពស់នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។ ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមនៅគ្រប់វិស័យជាពិសេសវិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន ដែលបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងការទប់ស្កាត់នូវបទល្មើសឆ្លងដែន និងការពង្រឹងនូវសន្តិសុខនៅតាមព្រំដែនដែលធ្វើឱ្យព្រំដែនមានសន្តិភាព និងមានការអភិវឌ្ឍ។ លោកក៏បានរំលេចអំពីការសាមគ្គីគ្នាជាពិសេសការសហការគ្នាក្នុងការការពារគឺកុំឱ្យមានកម្លាំងអមិត្តណាមួយយកទឹកដីនៃប្រទេសទាំងសងខាងដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀត ដែលភាគីទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងកិច្ចការងារមួយនេះ។បន្ថែមពីលើនេះ នៅតាមព្រំដែនក៏ដូចជាការផ្លាស់ប្ដូរទំនិញពាណិជ្ជកម្មជាមួយគ្នាប្រទេសទាំងពីរបានធ្វើឱ្យមានកំណើនពាណិជ្ជកម្មលើសពី១០ពាន់លានដុល្លារ ហើយនៅពេលបច្ចុប្បន្នកម្ពុជា និងវៀតណាមកំពុងតែមានមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឱ្យឡើងដល់២០ពាន់លានដុល្លារ។

សម្ដេចតេជោបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ សមាជិកការិយាល័យបក្សកុម្មុយនីស្តវៀតណាម ជាពិសេសនៅត្រង់ចំណុចទាក់ទងទៅនឹងការសហការគ្នានៅតាមព្រំដែនដែលសម្ដេចបានជំរុញបន្ថែមទៀតឱ្យបណ្ដាអាជ្ញាធរនៅតាមព្រំដែនរវាងប្រទេសទាំងពីរដើម្បីធានាឱ្យបាននូវព្រំដែនដែលមានសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងអំពីការបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ
ដោយសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ គឺជាចំណុចស្នូលដ៏សំខាន់នៃទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម។សម្ដេចតេជោចង់ឃើញប្រទេសទាំងពីរសម្រេចបាននូវទំហំពាណិជ្ជកម្មដល់២០ពាន់លានដុល្លារ តាមការគ្រោងទុក។ បន្ថែមពីលើនោះ សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា ស្ថាប័នរដ្ឋ និងស្ថាប័នបក្សដែលប្រទេសទាំងពីរកំពុងតែពូនជ្រំ។ ជាមួយគ្នានេះសកម្មភាពដែលត្រូវពង្រឹងបន្ថែមទៀតឱ្យកាន់តែស៊ីជម្រៅនោះគឺនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័នរដ្ឋ និងស្ថាប័នគណបក្ស។ ជាមួយគ្នានេះសម្ដេចតេជោក៏បានលើកឡើងទាក់ទងទៅនឹងការពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានចប់ជាស្ថាពរ ដែលភាគីទាំងពីរត្រូវបង្កើនកិច្ចសហការនៅក្នុងការធ្វើកិច្ចការងារដ៏មានសារៈសំខាន់នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នានោះ។

លោកក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោទាក់ទងនឹងការជំរុញនិងការពន្លឿនការបោះបង្គោលតាមព្រំដែនរវាងកម្ពុជា និងវៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹងនូវសន្តិភាព ស្ថិរភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយស្របទៅនឹងគោលដៅប្រទេសទាំងពីរដែលមានមិត្តភាពជាជាប្រពៃណីយូរអង្វែងជាមួយគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ