ព្រះសីហនុ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើដំណើរទស្សនកិច្ចនិងការអភិវឌ្ឍ កំពង់ផែស្វយ័តព្រះសីហនុ។ដំណើរទស្សនកិច្ចនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។គោលបំណងនៃដំណើរទស្សនកិច្ចដ៏សំខាន់នេះ គឺដើម្បីពង្រឹងកិច្ចសហការ រវាងសភាពាណិជ្ជកម្មកម្ពុជា និងកំពង់ផែស្វយ័តព្រះសីហនុ ព្រមជាឱកាសដ៏ល្អ សម្រាប់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ស្វែងយល់កាន់តែច្បាស់អំពីសមត្ថភាព សក្តានុពល ការអភិវឌ្ឍ និងទិសដៅរបស់ កំពង់ផែស្វយ័តព្រះសីហនុ។ឆ្លៀតនៅក្នុងឱកាសនោះ អ្នកឧកញ៉ា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគោរពជូនពរថ្នាក់ដឹកនាំ នៃកំពង់ផែស្វយ័តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ដែលឈានចូលមកដល់ នាពេលខាងមុខនេះ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កាយពលរឹងមាំខ្លាំងក្លា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈ ការដឹកនាំកំពង់ផែស្វយ័តព្រះសីហនុ ឱ្យកាន់តែជោគជ័យបន្ថែមទៀត។នាឱកាសនោះលោក លូ គឹមឈន់ បានមានប្រសាសន៍ជម្រាបជូន គណៈប្រតិភូអំពីប្រវត្តិ និងដំណើរការនៃការអភិវឌ្ឍរបស់កំពង់ផែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងបន្តដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន ជាមួយគ្នានេះកំពង់ផែ ក៏កំពុងបោះជំហានទៅមុខឥតឈប់ឈរ ក្នុងកំណើនសេដ្ឋកិច្ចនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសទូទាំងពិភពលោក។ទន្ទឹមនិងកំណើននៃការអភិវឌ្ឍរបស់កំពង់ផែ នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏បានពង្រីកកំពង់ផែទឹកជ្រៅបន្ថែមទៀត ដែលជាជំនួយរបស់ប្រទេសជប៉ុន មានបីដំណាក់កាល ដើម្បីឲ្យនាវាធុនធំគ្រប់ប្រភេទ ចេញចូលមានភាពងាយស្រួល និងក្នុងការប្រកួតប្រជែងទីផ្សារ ទាំងក្នុងតំបន់និងសកលលោក៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ