ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានព្រមានដាក់វិធានការផាកពិន័យយ៉ាងតិច ៤លានរៀល និងអាចឈានដល់ការដកអាជ្ញាប័ណ្ណអាជីវកម្ម ចំពោះស្ថានីយ ឬដេប៉ូចែកចាយប្រេងឥន្ធនៈណា ដែលលក់ដំឡើងថ្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួង។ ជាមួយគ្នានេះ អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ រក្សាការស្ងប់ស្ងាត់ និងជឿជាក់លើការធានាសន្និធិប្រេងឥន្ធនៈរបស់រាជរដ្ឋាភិបាល ដោយកុំសម្រុកទិញស្តុកលើសតម្រូវការ។ការព្រមាននេះ ធ្វើឡើងខណៈក្រុមការងារ ក.ប.ប បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេសជាង ២០០គោលដៅ គិតត្រឹមម៉ោង ២រសៀលថ្ងៃនេះ ដើម្បីទប់ស្កាត់ការលក់ដំឡើងថ្លៃ និងការបំពានលើបទប្បញ្ញត្តិ។ នេះបើតាមលោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានប្រាប់ CNC នៅល្ងាចថ្ងៃសៅរ៍នេះ។លោក គឹម មាសសុខសីហា បានឲ្យដឹងថា តាមលទ្ធផលត្រួតពិនិត្យបឋម ក្រុមការងារបានរកឃើញថា ស្ថានីយ និងដេប៉ូភាគច្រើននៅតែលក់ប្រេងតាមតម្លៃដែលក្រសួងបានកំណត់។ ទោះជាយ៉ាងណា មាន ដេប៉ូចំនួន ៥៤ទីតាំង បានបិទទ្វារ ដោយអះអាងថា មិនមានប្រេងផ្គត់ផ្គង់សម្រាប់លក់។លោកបន្តថា ក្នុងពេលជាមួយគ្នា ក្រុមការងារ ក៏បានចុះពិនិត្យនៅគោលដៅមួយចំនួនដែលមានការចែករំលែកតាមបណ្តាញសង្គមថា មានការលក់ប្រេងឡើងថ្លៃ រួមមាន ខេត្តបាត់ដំបង ២ទីតាំង, សៀមរាប ២ទីតាំង, កំពង់ចាម ១ទីតាំង, កំពង់ធំ ១ទីតាំង និងបន្ទាយមានជ័យ ១ទីតាំង។ ទោះយ៉ាងណា នៅពេលក្រុមការងារចុះដល់ទីតាំងទាំងនោះ ស្ថានីយ និងដេប៉ូទាំងនោះបានបិទទ្វារ មិនដំណើរការអាជីវកម្ម ដោយបញ្ជាក់ថា មិនមានប្រេងសម្រាប់លក់។ទន្ទឹមនឹងនេះ លោក ក៏បានក្រើនរំលឹកដល់ម្ចាស់ស្ថានីយ និងដេប៉ូទាំងអស់ ត្រូវគោរពតាមសេចក្តីជូនដំណឹងរបស់ក្រសួង និងកុំឆ្លៀតឱកាសលក់ដំឡើងថ្លៃ ដើម្បីចៀសវាងការទទួលពិន័យ និងការបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់។លោកអគ្គនាយក ក.ប.ប បានបញ្ជាក់ថា៖ «ក្រុមការងារ នឹងបន្តឃ្លាំពិនិត្យ បើរកឃើញករណីបំពាន ក.ប.ប នឹងដាក់វិធានការពិន័យអន្តរការណ៍ជាប្រាក់យ៉ាងតិច ៤លានរៀល និងអាចដកអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ផ្អាកដំណើរការអាជីវកម្មបណ្តោះអាសន្ន»។ជាមួយគ្នានេះ លោក ក៏សំណូមពរ ឲ្យប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការធានានូវសន្និធិគ្រប់គ្រាន់សម្រាប់ផ្គង់ផ្គង់ទីផ្សារ ខណៈកម្ពុជា មានចរន្តផ្គត់ផ្គង់ជាច្រើនច្រក ដូច្នេះសូមកុំឲ្យមានចលាចល។សម្រាប់ប្រជាពលរដ្ឋដែលមានចម្ងល់ ឬសង្កេតឃើញបាតុភាពមិនប្រក្រតី អាចរាយការណ៍ទៅកាន់ លេខទូរស័ព្ទបន្ទាន់ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ឬតាម Facebook Page ផ្លូវការ របស់ក្រសួង និងរបស់អគ្គនាយកដ្ឋាន ក.ប.ប ឬ តាមកម្មវិធីបណ្តឹងរបស់ ក.ប.ប តាម App Store របស់ Androi ឬ IOS: ccf complaint app៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ