ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន
Thu,05 March 2026 (Time 01:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអាស៊ាន ក្នុងការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។

ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះ និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម» ដោយផ្តោតលើការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការតភ្ជាប់ក្នុងតំបន់អាស៊ានឱ្យកាន់តែជិតស្និទ្ធ និងមានចីរភាព។

ក្នុងសុន្ទរកថា គន្លឹះនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការកាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រីកឱកាសសម្រាប់សហគ្រាស និងការប្រែក្លាយភូមិសាស្ត្រទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតភ្ជាប់ត្រូវតែមានវិសាលភាពលើសពីត្រឹមតែចម្ងាយផ្លូវ ដោយត្រូវប្រែក្លាយទៅជាការតភ្ជាប់ពហុមធ្យោបាយ ការតភ្ជាប់ដោយរលូនតាមបច្ចេកវិទ្យាឌីជីថល និងដោយមានការគាំទ្រពីថាមពលប្រកបដោយនិរន្តរភាព។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអាស៊ាន ក្នុងការលើកកម្ពស់កត្តាសំខាន់ៗទាំងនេះជាបន្តបន្ទាប់។ សមិទ្ធផលសំខាន់ៗរួមមាន ការអនុម័តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣, ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបនឹងបើកដំណើរការថ្មីៗនេះ ក៏ដូចជាគម្រោងកំពុងដំណើរការ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មឆ្នាំ២០២៥ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានទទួលស្គាល់ការអនុវត្តពេញលេញរបស់កម្ពុជា លើការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យចាប់យកកាលានុវត្តវិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែលកត្តាទាំងនេះ បានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល។ តាមរយៈការគាំទ្រពីកំណែទម្រង់គោលនយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជាអាចផ្តល់ជូនវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។

ជាឆ្នាំទី៣ ជាប់ៗគ្នា ដែលកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជា មួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជា និងអាស៊ាន។

សម្រាប់កិច្ចប្រជុំឆ្នាំ២០២៦នេះ មានការចូលរួមពីក្រុមហ៊ុនជាតិ និងអន្តរជាតិជាង ៣០០ក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជិត ៧០០នាក់។ លើសពីតួលេខទាំងនេះ វេទិកានេះដើរតួជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ និងការផ្គូរផ្គងអាជីវកម្ម ដែលជំរុញសមាហរណកម្មតំបន់ និងស្មារតីសហការដើម្បីជំរុញអាស៊ានឆ្ពោះទៅមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ