ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា ផ្តោតលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ
Wed,04 March 2026 (Time 11:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 20នាក់)

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាអមដោយមន្រ្តីជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ រវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ។

ក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រី Bridgette Walker និងប្រតិភូអម ក្នុងជំនួបផ្លូវការ និងបានគូសរំលេចអំពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ពិសេសតួនាទីដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ លោកប្រធានាធិបតី Donald J. Trump ដែលបានចូលរួមសម្របសម្រួល រហូតសម្រចបាននូវកិច្ចព្រមព្រៀងសន្តិភាព (Peace Deal) នៅគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃនៅឆ្នាំ ២០២៥កន្លងមកនេះ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍លើកកម្ពស់សន្តិភាព ព្រមទាំងការខិតខំប្រឹងប្រែងស្វែងរក និងរក្សាឱ្យបាននូវភាពជាមិត្តជាមួយប្រទេសក្នុងតំបន់និងសកល ជាពិសេសជាមួយប្រទេសជិតខាងប្រកបដោយសន្តិភាព។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាញ់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) គឺជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព។

លោកស្រី Bridgette Walker ក៏បានសង្កត់ធ្ងន់ចំពោះការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ចំពោះការសន្ទនាដោយបើកចំហររបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយនឹងសហរដ្ឋអាម៉េរិក។ លោកស្រី បានបន្តថា ថ្វីត្បិតកម្ពុជាបានជួបប្រទះបញ្ហាប្រឈមជាច្រើន តួយ៉ាងជម្លោះព្រំដែននាពេលថ្មីៗនេះ ក៏សហរដ្ឋអាម៉េរិក មានបំណងចង់ឃើញទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងភាពជាដៃគូក្នុងកិច្ចពិភាក្សាអំពីបញ្ហាតំបន់។

លោកស្រី បានបន្តថា កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក លើកទី៤ ដែលនឹងប្រព្រឹត្តក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជួយបង្កើតឱ្យមានបរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា (level playing field) ដែលនឹងទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជា ចង់បានវិនិយោគសហរដ្ឋអាម៉េរិកដែលមានគុណភាពនិងចម្រុះបែបដែលមានតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញវិស័យឧស្សាហកម្មនិងផលិតកម្មជាពិសេសជំរុញការចូលរួមរបស់ឧស្សាហកម្មកម្ពុជា ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់និងសកល។ លោកបានលើកទឹកចិត្តឱ្យមានការពិភាក្សាត្រង់ទៅត្រង់មកជាមួយវិនិយោគិន ដើម្បីស្វែងយល់អំពីតម្រូវការរបស់វិនិយោគិន និងឧបសគ្គរាំងស្ទះនានា រួមមាន បទប្បញ្ញត្តិ បរិយាកាសធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញកម្លាំងពលកម្ម ជាដើម ។ល។ ដោយសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាផ្នែកមួយនៃការកសាងភាពធន់របស់ប្រទេស។

ទាក់ទិននឹងបញ្ហា Online Scam លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បញ្ហានេះ ជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។ លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបសកម្មភាព Online Scam ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស, ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថាបញ្ហា online scam មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ, ប៉ុន្តែគឺជាបញ្ហារួមរបស់តំបន់ និងសកលលោក ដោយសារបញ្ហានេះត្រូវបានទទួលស្គាល់ថាជាឧក្រិដ្ឋកម្មឆ្លងដែន និងមានភាពស្មុគស្មាញជាប្រព័ន្ធដែលតភ្ជាប់ជាខ្សែច្រវ៉ាក់ពីប្រទេសមួយទៅប្រទេសមួយទៀត។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហានេះ ដោយផ្អែកលើគោលការណ៍ចំនួន ៤ រួមមាន៖ ការបង្ការ ការបង្ក្រាប ការអប់រំ និងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីការជំរុញការធ្វើកំណែទម្រង់អភិបាលកិច្ច្ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាស្នូលក្នុងការធានាស្ថិរភាព និងវិបុលភាពរយៈពេលវែងរបស់ប្រទេសកម្ពុជាតាមរយៈការពង្រឹងនីតិរដ្ឋ ការកែទម្រង់រដ្ឋបាលសាធារណៈ ប្រព័ន្ធច្បាប់ តុលាការ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីកសាងស្ថាប័នរដ្ឋមួយដែលមានភាពរឹងមាំ ឆ្លាតវៃ និងស្អាតស្អំ។ ជាពិសេស លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់គុណធម៌ ការបង្កើនភាពសុចរិត និងការទទួលខុសត្រូវក្នុងវិស័យសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើទំនើបកម្មអភិបាលកិច្ច។

លោកស្រី Bridgette Walker បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាវៃ និងប្រាកដនិយមរបស់ សមេ្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នា លោកស្រី ក៏បានបង្ហាញទស្សនវិជ្ជមាន និងមានភាពជឿជាក់យ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសការបង្ក្រាប online scam និងការពង្រឹងទំនាក់ទំនងក្នុងវិស័យ យោធា, ការទូត, សង្គមកិច្ច, ពាណិជកម្ម និងសន្តិសុខ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការពង្រឹងនិងពង្រីកមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ ជាពិសេស ការយកចិត្តទុកដាក់លើការការពារស្ថិរភាព សន្តិសុខ និងភាពធន់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ពីភាពបើកចំហរបស់លោកចំពោះការសន្ទនាជាបន្តបន្ទាប់ និងកិច្ចសហប្រតិបត្តិការនានាដែលផ្តល់ផលប្រយោជន៍រួម។
លោកជឿជាក់ថា តាមរយៈទំនាក់ទំនងដោយស្មោះត្រង់ និងការប្តេជ្ញាចិត្តរួមគ្នា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក នឹងបន្តរីកចម្រើន សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ