ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រាជធានីភ្នំពេញ នឹងក្លាយជាក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែនឈានមុខគេនាពេលអនាគត
Wed,04 March 2026 (Time 11:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញនឹងវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែនដ៏មានសក្តានុពល និងឈានមុខគេមួយនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងដូចនេះក្នុងពិធីបើកសិក្ខាសាលា ស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធនៃប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកបានគូសបញ្ជាក់ថា គ្រប់រាជធានី-ខេត្ត ពីនេះទៅមុខអាចនឹងប្រែក្លាយទៅជារាជធានី-ខេត្តដែលមានប្រព័ន្ធម៉េត្រូប៉ូលីតែន ដើម្បីធានាបាននូវការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។ លក្ខខណ្ឌចម្បងៗដែលរាជធានី-ខេត្តអាចរៀបចំជាប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនបាន ត្រូវផ្អែកលើកត្តាសំខាន់ចំនួន ៣ រួមមាន ទី១ ចំនួនដង់ស៊ីតេប្រជាពលរដ្ឋ ទី២ សក្តានុពលសេដ្ឋកិច្ច និងទី៣ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ។ ផ្អែកលើមូលដ្ឋាននៃចំណុចទាំង ៣ នេះហើយ ទើបលោក បង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងស័ក្តិសមបំផុតជារាជធានី និងជាក្រុងម៉េត្រូប៉ូលីតែនឈានមុខគេ ដែលនឹងក្លាយជាគំរូសម្រាប់បណ្តាខេត្តសក្តានុពលផ្សេងៗទៀត ក្នុងការបន្តរៀបចំរចនាសម្ព័ន្ធនេះជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានទាញចំណាប់អារម្មណ៍ ដោយបង្ហាញការកត់សម្គាល់ពីបទពិសោធជោគជ័យនៃបណ្ដាទីក្រុងធំៗក្នុងតំបន់មួយចំនួន ដូចជា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គ្របដណ្ដប់លើការគ្រប់គ្រងតំបន់រដ្ឋបាលពិសេសចំនួន ២៣ខណ្ឌ និងមានកញ្ចប់ថវិកាផ្ទាល់ខ្លួនខ្ពស់ជាងបណ្ដាខេត្តដទៃទៀត។ ក្នុងនោះដែរ ទីក្រុងម៉ានីល ក៏បានបង្កើតអាជ្ញាធរអភិវឌ្ឍន៍ម៉េត្រូប៉ូលីតែនម៉ានីល ដើម្បីសម្របសម្រួលកិច្ចការងាររួមគ្នាលើការគ្រប់គ្រងចរាចរណ៍ ការចាត់ចែងកាកសំណល់ និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំឱ្យមានសិក្ខាសាលានេះឡើង និងបានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលជួយឧបត្ថម្ភគាំទ្រ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ពិសេសបានផ្តល់កិច្ចសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន ការបណ្តុះបណ្តាលមន្ត្រី ការផ្តល់អាហារូបករណ៍ ការអនុវត្តគម្រោងទីក្រុងវៃឆ្លាត ក្នុងខេត្តសៀមរាប និងគម្រោងផ្សេងជាច្រើនទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ការរៀបចំប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គឺជាចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចាប់តាំងពីចុងនីតិកាលទី៦ និងបន្តមកដល់នីតិកាលទី៧ ក្នុងគោលដៅធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពស៊ីវិល័យ និងឆ្លាតវៃ។ ការរៀបចំប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនដែលរឹងមាំ គឺជាគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងជាកម្លាំងចលករក្នុងការទាក់ទាញការវិនិយោគ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ