ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានលើកឡើងថា កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគថ្មីដ៏ទាក់ទាញមួយក្នុងតំបន់អាស៊ាន ដែលមានភាពបើកចំហ និងប្រកួតប្រជែងខ្ពស់។ថ្លែងនៅចំពោះមុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន, លោក ចូអ៊ី ខនសិបសិន ប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៦, ឥស្សរជនជាន់ខ្ពស់, មេដឹកនាំធុរកិច្ចក្នុងតំបន់ និងអ្នកការទូត, អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា កម្ពុជាកំពុងឆ្លងកាត់ការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ខ្លួនចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ តាមរយៈការអនុវត្តដោយជោគជ័យនៃ «គោលនយោបាយឈ្នះ-ឈ្នះ» ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននាំមកនូវការបញ្ចប់ជម្លោះជាស្ថាពរ។អ្នកឧកញ៉ា បានរំលឹកថា កន្លងមក ពិភពលោកធ្លាប់មើលឃើញកម្ពុជាជាប្រទេសដែលកំពុងស្ដារឡើងវិញពីជម្លោះ និងពឹងផ្អែកខ្លាំងលើឧស្សាហកម្មកាត់ដេរ។ ប៉ុន្តែបច្ចុប្បន្ន និទានកថានោះលែងឆ្លុះបញ្ចាំងពីភាពពិតទៀតហើយ។ កម្ពុជាបានអនុវត្តយុទ្ធសាស្ត្របើកចំហយ៉ាងសកម្ម ដោយបម្លែងខ្លួនទៅជាមជ្ឈមណ្ឌលឌីជីថល និងឧស្សាហកម្មកំពុងរីកចម្រើនក្នុងតំបន់។សម្រាប់ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងប្រមាណ ៥ភាគរយ ដែលបង្ហាញពីមូលដ្ឋានស្ដារឡើងវិញដ៏រឹងមាំ និងការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកវិស័យតម្លៃបន្ថែមខ្ពស់ និងភាពធន់ប្រសើរជាងមុន។អ្នកឧកញ៉ា បានបញ្ជាក់ថា កម្ពុជាកំពុងជំរុញការផ្លាស់ប្តូរទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដោយមានការគាំទ្រពីថវិកាជាតិប្រមាណ ១០,១ពាន់លានដុល្លារ សម្រាប់លើកកម្ពស់ការធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។ ប្រទេសកម្ពុជា កំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើការផ្គុំ ទៅជាសេដ្ឋកិច្ចជំរុញដោយនវានុវត្តន៍។ក្នុងន័យនេះ ច្បាប់ស្តីពីការវិនិយោគឆ្នាំ២០២១ ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងចំណោមច្បាប់ដែលបើកចំហ និងមានការប្រកួតប្រជែងបំផុតក្នុងតំបន់។ កម្ពុជាអនុញ្ញាតឱ្យជនបរទេសកាន់កាប់ភាគហ៊ុន ១០០ភាគរយ នៅក្នុងស្ទើរតែគ្រប់វិស័យ ដោយមិនមានកាតព្វកិច្ចភាគហ៊ុនក្នុងស្រុក ហើយផ្តល់អត្ថប្រយោជន៍លើកទឹកចិត្តពន្ធរហូតដល់ ៩ឆ្នាំ ដើម្បីធានាភាពច្បាស់លាស់ និងភាពអាចព្យាករបានរយៈពេលវែងសម្រាប់វិនិយោគិន។ជាមួយគ្នានេះ កម្ពុជាក៏កំពុងរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកឌីជីថល។ ក្នុងការវាយតម្លៃ Business Ready (B-READY) ឆ្នាំ២០២៥ របស់ធនាគារពិភពលោក កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយក្នុងអាស៊ានផ្នែកសេវាហិរញ្ញវត្ថុ ដោយទទួលបានពិន្ទុ ៨៤,៤៥ លើ ១០០ ដែលបង្ហាញពីប្រសិទ្ធភាពកំណែទម្រង់ និងការទទួលយកបច្ចេកវិទ្យាឌីជីថល។យ៉ាងណាក៏ដោយ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កម្ពុជាគឺប្រជាជន។ ជាង ៦៥ភាគរយនៃប្រជាជនមានអាយុក្រោម ៣៥ឆ្នាំ ដែលផ្តល់ឱ្យប្រទេសនូវកម្លាំងពលកម្មវ័យក្មេង មានភាពបត់បែន និងកំពុងកើនឡើងផ្នែកជំនាញ ខណៈប្រទេសជាច្រើនកំពុងប្រឈមបញ្ហាប្រជាសាស្ត្រធ្លាក់ចុះ។អ្នកឧកញ៉ា បន្តទៀតថា កម្ពុជាមានទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ មិនត្រឹមតែចូលរួមក្នុងកំណើនតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកកសាងអាស៊ានដែលមានការតភ្ជាប់ និងឯកភាពខ្ពស់ជាងមុនផងដែរ។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ព្រែកជីកហ្វូណនតេជោ តម្លៃ ១,៧ពាន់លានដុល្លារ ដែលនឹងភ្ជាប់បេះដូងសេដ្ឋកិច្ចកម្ពុជាទៅសមុទ្រ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងការតភ្ជាប់ជាតិ និងតំបន់។អ្នកឧកញ៉ា បន្ថែមថា មូលដ្ឋានគ្រឹះបែបនេះ អនុញ្ញាតឱ្យកម្ពុជាធ្វើសមាហរណកម្មជាយុទ្ធសាស្ត្រជាមួយនឹងចំណុចខ្លាំង នៅក្នុងទេសភាពសកល និងតំបន់ ដោយកម្ពុជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្លុកអាស៊ាន និង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅទសវត្សរ៍ខាងមុខ។ដោយផ្អែកលើការអភិវឌ្ឍសមត្ថភាពសេដ្ឋកិច្ច និងធនធានមនុស្សរយៈពេលជាងបីទសវត្សរ៍ កម្ពុជាកំពុងផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចដែលអាចទ្រទ្រង់ខ្លួនឯងបាន និងមានភាពធន់ខ្ពស់។ ផ្អែកលើចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាប្តេជ្ញាធ្វើដំណើរឆ្ពោះទៅរកឋានៈជាប្រទេសប្រាក់ចំណូលខ្ពស់ ដោយឈរលើមូលដ្ឋាននៃនិរន្តរភាព នវានុវត្តន៍ និងសមាហរណកម្មក្នុងតំបន់៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ