ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកឧកញ៉ា គិត ម៉េង អំពាវនាវឱ្យអាស៊ានរក្សាអព្យាក្រឹតភាព និងរួបរួមគ្នា ចំពេលមានភាពតានតឹងសកលកើនឡើង
Wed,04 March 2026 (Time 11:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

ភ្នំពេញ៖ ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង និងពាណិជ្ជកម្មពិភពលោកបន្តបែកបាក់ តំណាងវិស័យឯកជនកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានអំពាវនាវឱ្យអាស៊ាន រក្សាភាពបើកចំហ អព្យាក្រឹតភាព និងជំរុញសមាហរណកម្មសេដ្ឋកិច្ច ដើម្បីការពារកំណើនក្នុងតំបន់។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦” នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិ ធំៗនៅកម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។

ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានព្រមានថា អាស៊ីអាគ្នេយ៍កំពុងប្រឈមសម្ពាធខាងក្រៅកាន់តែខ្លាំង ដោយសារការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងជម្លោះកើនឡើងនៅមជ្ឈិមបូព៌ា។

អ្នកឧកញ៉ា បានថ្លែងថា ការកើនឡើងនៃវិធានការពន្ធឯកតោភាគី និងវិធានការឆ្លើយតប បង្កើនការបែកបាក់សេដ្ឋកិច្ច និងបង្ហាញពីការផ្លាស់ប្តូរចេញពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ ទៅរកសណ្តាប់ធ្នាប់សកលផ្អែកលើផលប្រយោជន៍ជាក់ស្តែង។

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា៖ «នៅក្នុងបរិយាកាសនេះ ចំណុចខ្លាំងរបស់អាស៊ានមិនមែនស្ថិតនៅលើការជ្រើសរើសភាគីនោះទេ ប៉ុន្តែស្ថិតនៅលើការរក្សាភាពបើកចំហ អព្យាក្រឹតភាព និងជាមជ្ឈភាព។ ភារកិច្ចរួមរបស់យើងគឺធ្វើឱ្យអាស៊ានក្លាយជាកម្លាំងដែលមានស្ថិរភាព ជំរុញការសន្ទនា រក្សាទំនាក់ទំនងទីផ្សារ និងធានាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយតម្លាភាព យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក»។

ទាក់ទងនឹងជម្លោះសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ អ្នកឧកញ៉ា បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងតម្លៃប្រេង និងការរំខាននៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសកលប្រហែល ២០% បង្កើតសម្ពាធអតិផរណាភ្លាមៗដល់អាជីវកម្មអាស៊ាន និងអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦។

ទោះបីជាមានឧបសគ្គសកលក៏ដោយ អ្នកឧកញ៉ា គិត ម៉េង បង្ហាញទំនុកចិត្តថា អាស៊ាននៅតែជាតំបន់មានភាពធន់ ថាមវន្ត និងកាលានុវត្តភាព។ តាមការព្យាករ អាស៊ានអាចក្លាយជាសេដ្ឋកិច្ចធំទី៤ ពិភពលោកនៅឆ្នាំ២០៣០ ដោយមាន GDP សរុបជិត ១០ទ្រីលានដុល្លារ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានបញ្ជាក់ថា ការរីកចម្រើននេះ អាស្រ័យលើជម្រើសគោលនយោបាយត្រឹមត្រូវ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចូលរួមប្រកបដោយចីរភាពរបស់វិស័យឯកជន។ ដើម្បីសម្រេចគោលដៅនេះ អ្នកឧកញ៉ាប្រធាន បានចង្អុលបង្ហាញថា ក្នុងឆ្នាំ២០២៦ អាស៊ានត្រូវបន្តជំរុញ ៣វិស័យសំខាន់៖ ១) នវានុវត្តន៍ឌីជីថល, ២) សមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ, និង៣) ការផ្លាស់ប្តូរបៃតង រួមទាំងការភ្ជាប់បណ្តាញថាមពលក្នុងតំបន់ ដើម្បីគាំទ្រកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។

សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជា និងអាស៊ាន រៀបចំ “កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣-០៤ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ