ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ការអភិវឌ្ឍសហគមន៍នេសាទ ឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺដើម្បីកែប្រែជីវភាពរបស់ពលរដ្ឋក្នុងតំបន់ ឱ្យកាន់តែប្រសើរ
Sun,29 March 2026 (Time 09:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

កំពត៖ ក្រោមកិច្ចខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាក្រោយបញ្ចប់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាង ៣ឆ្នាំ រយៈពេលជាង ២០ឆ្នាំមកនេះប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសប្រជាពលរដ្ឋត្រូវបានយកចិត្តទុកដាក់ និងគិតគូរជាចម្បងដើម្បីលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការបង្កើតមុខរបរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីបង្កភាពងាយស្រួលក្នុងការប្រកបរបររកស៊ី។ យ៉ាងណាមិញ ការអភិវឌ្ឍសហគមន៍នេសាទឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺដើម្បីកែប្រែជីវភាពរបស់ពលរដ្ឋ ក្នុងតំបន់ឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ដែលមាន សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទ អូក្រសារខេត្តកែប នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅសហគមន៍នេសាទព្រែកត្នោត លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានលើកឡើងថា ក្រោយពីប្រទេសកម្ពុជាងើបពីគំនរផេះផង់ ហើយទទួលបានសុខសន្តិភាពដែលយកមកដោយលំបាកពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាត្រូវបានអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ហើយការអភិវឌ្ឍនេះក៏បានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការអភិវឌ្ឍប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរជានិច្ចចំពោះសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់បណ្តាខេត្ត-ក្រុង ត្រូវកែច្នៃអភិវឌ្ឍន៍តំបន់នានាក្នុងមូលដ្ឋានខ្លួនឱ្យមានភាពទាក់ទាញ ក្នុងន័យដើម្បីប្រជាពលរដ្ឋអាចទទួលផលពីតំបន់នោះ ហើយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានបន្តថា ការអភិវឌ្ឍសហគមន៍នេសាទឱ្យប្រែក្លាយជាកន្លែងទេសចរណ៍ គឺមានគោលដៅមួយចំនួនដូចជា៖ ចង់ឱ្យប្រជានេសាទមានចម្រើសច្រើនក្នុងការប្រកបមុខរបរ, មានចំណូលជាប្រចាំ, មានប្រាក់សន្សំ, កាត់បន្ថយបំណុលគ្រួសារ, មានផ្ទះសំបែងរស់នៅសមរម្យ, មានម្ហូបអាហារគ្រប់គ្រាន់ ពិសេសអាចបញ្ជូនកូនៗទៅសិក្សា។ លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ក្រោយពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេររួចរាល់ ប្រជានេសាទនឹងទទួលបានផលពីវិស័យទេសចរណ៍នេះ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដោយផ្អែកលើចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមការឱ្យដឹងពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានសហគមន៍នេសាទចំនួន៩ ក្នុងនោះមាន៖ សហគមន៍នេសាទត្រពាំងរពៅ, សហគមន៍នេសាទព្រែកត្នោត, សហគមន៍នេសាទចង្ហោន, សហគមន៍នេសាទកែបថ្មី, សហគមន៍នេសាទទទឹងថ្ងៃ, សហគមន៍នេសាទត្រពាំងសង្កែ, សហគមន៍នេសាទកំពង់សាមគ្គី, សហគមន៍នេសាទកោះគ្រឹះស្នា និងសហគមន៍នេសាទលក។

លោកអភិបាលខេត្តបានបន្តថា ការបង្កើតឱ្យមានសហគមន៍នេសាទនេះ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្ទេរសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឱ្យចូលរួមគ្រប់គ្រងធនធានជលផលនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយចីរភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ហើយឈានទៅចាត់ទុកថាខ្លួនជាម្ចាស់ផ្ទាល់លើធនធានទាំងនោះ ដើម្បីទទួលបានផលប្រយោជន៍ពីធនធានទាំងនោះប្រកបដោយសមធម៌៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ