ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
​បុណ្យទន្លេត្រូវបានរៀបចំជាលើកដំបូងបង្អស់នៅខេត្តក្រចេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទន្លេ និងការអភិរក្សធនធានធម្មជាតិ
Sun,29 March 2026 (Time 06:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)


ក្រចេះ ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងលោកជំទាវ, ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងឯកឧត្តម-លោកជំទាវជាថ្នាក់ដឹកនាំតំណាងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួងនានា ឯកឧត្តម-លោកជំទាវ លោក លោកស្រីអង្គទូត អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក-លោកស្រីមន្ត្រីរាជការ វិស័យឯកជន អ្នកបង្កើតមាតិកា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណជាង៣,៥០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានគោរពរាយការណ៍ជូនពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច ការវិនិយោគនានា ស្ថិតិប្រជាជន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងសមិទ្ធផលនានាដែលសម្រេចបានគួរជាទីមោទនៈក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនគណៈអធិបតី និងអង្គពិធី។

ឯកឧត្តមអភិបាលខេត្តក្រចេះ និងក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅអំពីគំរូវីរភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចបមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានជ្រើសរើសខេត្តក្រចេះជាម្ចាស់ផ្ទះលើកទី២ ដើម្បីឆ្លុះបញ្ចាំងពីសក្តានុពលដ៏ខ្លាំងក្លារបស់ខេត្តក្រចេះនេះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ឱ្យមានការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នេះនៅលើទឹកដីនៃខេត្តក្រចេះ ក៏ដូចជាបានអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងនូវ ស្ពានមិត្តភាព កម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះមុនថ្ងៃកំណត់ ដើម្បីអបអរសាទរព្រឹត្តិការណ៍ពិធីបុណ្យទន្លេលើកទី១០។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពសម្ដែងនូវគុណូបការៈគុណដ៏ខ្ពង់ខ្ពស់គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេចាប់ពីឆ្នាំ២០១៥ មក បន្ថែមពីលើព្រឹត្តិការណ៍បុណ្យសមុទ្រដែលបានចាប់ផ្តើមរៀបចំ ចាប់តាំងពីឆ្នាំ២០១១។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគោរពរាយការណ៍ជូនគណៈអធិបតី និងអង្គពិធីអំពីស្ថានភាពទូទៅនៃវិស័យទេសចរណ៍ពី បញ្ហាប្រឈមក្នុងបរិបទបច្ចុប្បន្ន ការត្រៀមលក្ខណៈ និងការចូលរួមជាធ្លុងមួយនៃមហាគ្រួសារវិស័យទេសចរណ៍ ព្រមទាំងការត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះនេះ។ ការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅលើទឹកដីនៃខេត្តក្រចេះ គឺជាកាលានុវត្តភាពដ៏វិសេសវិសាល ក្នុងការបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីតម្លៃនៃធនធានទន្លេ និងការជំរុញតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស ប្រកបដោយបរិយាបន្ន។ លើសពីនេះ, ការពង្រឹងគុណភាពសេវាកម្ម និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍តាមដងទន្លេ មិនត្រឹមតែឆ្លើយតបទៅនឹងនិន្នាការទីផ្សារសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតឧត្តមភាពក្នុងខ្សែច្រវាក់ទេសចរណ៍តំបន់អាស៊ាន ស្របតាមទិសដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនគណៈអធិបតី និងអង្គពិធីអំពីការរៀបចំជាលក្ខណពិសេសបន្ថែមក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នេះ ឱ្យស្របតាមបរិបទបច្ចុប្បន្ននៃប្រទេសជាតិយើង ដែលកំពុងស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក ដោយក្នុងនោះមានព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជាពិធីរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គ កម្មវិធីដុតក្រឡាក្រចេះ កម្មវិធីលែងត្រីចូលទន្លេ ការតាំងពិព័រណ៍សមិទ្ធផល សិក្ខាសាលាកម្មវិធីដាំដើមឈើ កម្មវិធីចែកអំណោយសប្បុរសធម៌ សកម្មភាពកីឡាទេសចរណ៍ កម្មវិធីបណ្តែតប្រទីប យុទ្ធនាការ «កម្ពុជាស្អាត, ក្រចេះស្អាត, បុណ្យទន្លេគ្មានសម្រាម» និងជាចុងក្រោយជាការសម្តែងសិល្បៈ។
ថ្លែងក្នុងព្រឹត្តការណ៍ដ៏មហោឡារិកនេះ ឯកឧត្តមសន្តិបណ្ឌិត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង រដ្ឋបាលខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ» ដែលបានបង្ហាញពីតម្លៃដ៏សំខាន់នៃទន្លេ ដែលជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅ វប្បធម៌ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា កម្ពុជា សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគ្រឹះរឹងមាំសម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ដែលត្រូវបានចាត់ទុកជាវិស័យអាទិភាព និងជា «មាសបៃតង» ដែលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនេះ ឯកឧត្តមសន្តិបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៨ចំណុច ដោយអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមចំណែករក្សាសន្តិភាព ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ និងអភិរក្សធនធានធម្មជាតិ ជាពិសេសការពារសត្វផ្សោតទន្លេមេគង្គ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍។

គួរបញ្ជាក់ជូនថា បុណ្យទន្លេត្រូវបានរៀបចំជាលើកដំបូងបង្អស់នៅខេត្តក្រចេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃទន្លេ និងការអភិរក្សធនធានធម្មជាតិ ដើម្បីលើកកម្ពស់ការចូលរួមរបស់សាធារណជនក្នុងការថែរក្សាបរិស្ថាន។ សូមជម្រាបជូនផងដែរថា នៅក្នុងថ្ងៃទី២នៃព្រឹត្តការណ៍បុណ្យទន្លេលើកទី១០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ២២៤ ៤៦៨ នាក់ ដោយក្នុងនោះមានភ្ញៀវទេសចរជាតិចំនួនជិត២.៥០០នាក់ និងភ្ញៀវទេសចរអន្តរជាតិជិត១៥០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ