ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦» ដែលរួមមានការតាំងពិព័រណ៍រូបថតដើម្បីអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមដងទន្លេមេគង្គនៃទីក្រុងនរា រាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត និងតំណាងនៃស្ថានទូតប្រទេសមេគង្គ-ឡានឆាង តំណាងក្រសួង-ស្ថាប័ន និងសាធារណជន សរុបប្រមាណ ៦០០នាក់។ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទន្លេមេគង្គ ជានិមិត្តរូបដ៏រស់រវើក នៃមិត្តភាព កិច្ចសហប្រតិបត្តិការ ភាពធន់ និងការតភ្ជាប់រវាងបណ្តាប្រទេសនៅតាមបណ្តោយអាងទន្លេមេគង្គ ដែលមានទំនួលខុសត្រូវរួមគ្នាដើម្បីការពារ គ្រប់គ្រង និងថែរក្សាធនធានដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំពុងឆ្ពោះទៅរកទស្សវត្សរ៍មាសថ្មីមួយទៀត ក្រោមមូលបទ «ការកសាងសហគមន៍មេគង្គ-ឡានឆាងរួមគ្នាជំនាន់ ២.០» ដែលផ្តោតលើការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការពង្រឹងបន្ថែមលើការគ្រប់គ្រងធនធានទឹកប្រកបដោយ ចីរភាព ពង្រីកការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍបៃតង និងបរិវត្តកម្មឌីជីថល ក៏ដូចជាការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនក្នុងអនុតំបន់មេគង្គ-ឡានឆាង។កម្មវិធីនេះក៏បានទទួលថវិកាសប្បុរសធម៌សរុបចំនួន ១១.៥៥៥ ដុល្លារអាម៉េរិក សម្រាប់បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ការថែទាំសុខភាពកុមារ ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ