ភ្នំពេញ៖ ការរៀបចំឱ្យមានគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន សំដៅតម្រង់ទិសដល់អ្នកសារព័ត៌មានឱ្យមានវិជ្ជាជីវៈខ្ពស់ ជាពិសេសការរាយការណ៍ព័ត៌មាន ឬការផលិតមាតិកាក្នុងសម័យឌីជីថល ដែលទាក់ទងនឹងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កុមារ និងជនងាយរងគ្រោះ។នេះជាប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានថ្លែងយ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនៈភាពនៃការរៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានសំដៅការពារសិទ្ធិស្ត្រី កុមារ និងជនងាយរងគ្រោះនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធនៃក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ព្រមទាំងតំណាង និងអ្នកជំនាញមកពីអង្គការអន្តរជាតិដៃគូរួមមាន អង្គការ Plan International Cambodia, អង្គការ Save the Children Cambodia, អង្គការ World Vision International, អង្គការ UNICEF Cambodia និងអង្គការ Care ។ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងលិខិតបទដ្ឋានជាតិ-អន្តរជាតិពាក់ព័ន្ធ ត្រូវបានក្រុមការងារចម្រុះរវាងក្រសួងព័ត៌មាននិងអ្នកជំនាញធ្វើការក្នុងវិស័យស្ត្រី កុមារ និងជនងាយរងគ្រោះនៃអង្គការអន្តរជាតិដៃគូខាងលើ បានដាក់បញ្ចូលជាឯកសារមូលដ្ឋានគ្រឹះសម្រាប់ដំណើរការរៀបចំ និងការតាក់តែងគោលការណ៍ណែនាំនេះ។ សម្រាប់ការរៀបចំគោលការណ៍ណែនាំនេះ ក្រុមការងារចម្រុះរវាងក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូរ បានរៀបចំកិច្ចប្រជុំ និងការពិភាក្សាគ្នាជាបន្តបន្ទាប់។ ក្រុមការងារចម្រុះក៏បានប្រមូលធាតុចូលសំខាន់ៗជាច្រើន ដែលឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែងសម្រាប់ការតាក់តែងគោលការណ៍ណែនាំមួយដែលការពារ និងលើកកម្ពស់សិទ្ធិកុមារ ស្ត្រី ជនងាយរងគ្រោះ នៅកម្ពុជា។ឯកឧត្តមបានមានប្រសាសន៍រំលេចពីសារៈសំខាន់នៃកិច្ចខិតខំនេះ ថាគោលការណ៍ណែនាំនេះ ក្រោយពេលរៀបចំរួចហើយ នឹងក្លាយជាបទដ្ឋានជួយដល់អ្នកសារព័ត៌មានក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដើម្បីធានាការផ្សាយព័ត៌មានបានសុក្រឹត ត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ ពិសេសនៅពេលរាយការណ៍អំពីស្ត្រី កុមារ និងជនងាយរងគ្រោះ។ការរៀបចំលិខិតបទដ្ឋានគតិយុត្ត គឺជាអាទិភាពចម្បងក្នុងផែនការយុទ្ធសាស្ត្រនីតិកាលទី៧ របស់ក្រសួងព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់ព័ត៌មាននៅកម្ពុជា។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា ការបង្កើតគោលការណ៍ណែនាំនេះ ជាគំនិតផ្ដួចផ្ដើមមួយទៀតក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មានក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត។ កិច្ចខិតខំនេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមពីអ្នកពាក់ព័ន្ធទាំងក្នុងវិស័យព័ត៌មាន និងវិស័យជំនាញឯកទេស ក្នុងក្របខណ្ឌនៃយន្តការសហការរវាងក្រសួង និងអង្គការអន្តរជាតិដៃគូ ព្រមទាំងពីអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ផ្សេងទៀតនៅក្នុងដំណើរការរៀបចំជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល។ឯកឧត្តមបានបន្តទៀតថាវាគឺជាគ្រឹះដ៏សំខាន់មួយទៀតសម្រាប់លើកកម្ពស់តម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងការប្រតិបត្តិក្រមសីលធម៌ឱ្យកាន់តែប្រសើរឡើង ក្នុងក្របខណ្ឌច្បាប់ និងស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ដើម្បីបង្កើនទំនុកចិត្តរបស់មហាជនមកលើប្រព័ន្ធផ្សព្វផ្សាយ និងការរាយការណ៍ព័ត៌មានដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ការអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ នឹងផ្តល់ការការពារសុវត្ថិភាពគតិយុត្តិដល់អ្នកសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មានពីការចោទប្រកាន់ ឬការប្រឈមនឹងការប្តឹងផ្តល់ផ្លូវច្បាប់ធ្ងន់ធ្ងរ។នាឱកាសនោះដែរ ឯកឧត្តមអ្នកនាំពាក្យ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមមធ្យោបាយបែបថ្មី និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវគោរពក្រមសីលធម៌ គោរពសិទ្ធិអ្នកដទៃ ដោយត្រូវផ្សព្វផ្សាយ រាយការណ៍ និងចែករំលែកព័ត៌មានដោយការទទួលខុសត្រូវ ដើម្បីចូលរួមលើកតម្កើងសេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍក្នុងសង្គម។ ឯកឧត្តមបានបន្តថាយើងចង់ឃើញអ្នកសារព័ត៌មាន អ្នករាយការណ៍ព័ត៌មាន ក្លាយជាអ្នកព័ត៌មានដែលចេះស្រលាញ់វិស័យព័ត៌មាននេះ ពោលគឺមិនត្រឹមតែចេះប្រើកាមេរ៉ា ការផលិត សរសេរ និងការប្រើស្មាតហ្វូនស្របតាមសម័យកាល ប៉ុណ្ណោះទេ តែត្រូវធ្វើការងារនេះប្រកបដោយបញ្ញា បេះដូង និងវិជ្ជាជីវៈពិតប្រាកដ ដើម្បីលើកកម្ពស់គុណភាពព័ត៌មានសម្រាប់ជាប្រយោជន៍សាធារណៈ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ