ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាពិភពលោក កម្ចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» នៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន។លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថាការប្រារព្ធទិវានេះឡើង ក្នុងគោលបំណងបន្តជំរុញការលើកកម្ពស់សុខភាពប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹងបន្ថែម ក្នុងការប្រយុទ្ធនឹងជំងឺរបេង និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានយល់អំពីបញ្ហា ផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាព តម្លៃ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» ដែលក្រសួងសុខាភិបាលបាន និងកំពុងអនុវត្ត។បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូននូវអនុសាសន៍មួយចំនួន សម្រាប់ជាការងារអាទិភាព រួមមាន៖ ១)ខិតខំសម្រេចឱ្យបានការកាត់បន្ថយអត្រានៃការរីករាលដាលជំងឺរបេង ស្របតាមយុទ្ធសាស្រ្តជាតិ ២)ការផ្តល់ការព្យាបាលកម្រិតខ្ពស់ និងជោគជ័យ សម្រាប់អ្នកជំងឺករណីថ្មី និងករណីលាប់ ៣)បង្កើនការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ តាមរយៈការពង្រឹងកិច្ចសហការជាមួយដៃគូឯកជន ៤)ពង្រីកបន្ថែមមន្ទីរពិសោធន៍ទំនើប សម្រាប់ការធ្វើតេស្តដំបូងនៅទូទាំងប្រទេស និង៥)បន្តអនុវត្តវិធីសាស្រ្តស្វែងរកក្រុមជនងាយរងគ្រោះ និងការរើសអើង និងធ្វើឱ្យសេវាសុខាភិបាលទៅដល់ពលរដ្ឋផ្ទាល់។ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសប្រារព្វទិវាពិភពលោកកម្ចាត់រោគរបេង ២៤ មីនា ២០២៦ ដើម្បីរួមចំណែកឱ្យការងារកំចាត់រោគរបេងនេះទទួលបានជោគជ័យ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងព្រះរាជាណាចក្រកម្ពុជា ដ៏ដូចជាទូទាំងសកលលោក។លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា ការងារប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈ។ ជាក់ស្តែង តាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២៥ បង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបាន ធ្លាក់ចុះពី ៨០ ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ១៨ ករណីក្នុងចំណោម ប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ ៧៨%។ ចំណែកឯអត្រាអាំងស៊ីដង់ រឺអត្រាកើតជំងឺរបេងករណីថ្មី ក៏បានធ្លាក់ចុះពី ៨៥៣ ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ ករណី ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ ៦៨%៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ