កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានឱ្យដឹងថា វិថីអាហារខេត្តកំពតដែលនឹងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងបង្កប់នូវវប្បធម៌ ប្រពៃណីដ៏ផូរផង់របស់ខ្មែរលើសំណង់ និងអាជីវករដែលក់ដូរក្នុងវិថីនេះ ពិសេសការបង្ហាញអាហារ នំ ចំណី របស់ខ្មែររាប់រយមុខជូនភ្ញៀទេសចរជាតិ និងអន្តរជាតិ បានទទួលទាន និងបានស្គាល់នូវកេរ្តិ៍តំណែលសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងរសជាតិកើតចេញពីស្នាដៃអ្នកកំពត។ វិថីអាហារនេះនឹងធ្វើឱ្យខេត្តកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ម្ហូបអាហារដ៏ទាក់ទាញ។លោក ម៉ៅ ធនិន បានលើកឡើងដូចនេះនៅក្នុងដំណើរចុះពិនិត្យវិថីអាហារក្រុងកំពត នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “ក្នុងបំណងទទួលស្វាគមន៍ទេសចរជាតិ អន្តរជាតិ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តនឹងចាប់បើកដំណើរការវិថីអាហារក្រុងកំពត ដោយអនុញ្ញាតឱ្យអាជីវករចូលលក់ដូរជាផ្លូវការនៅពេលឆាប់ៗខាងមុខ ស្របពេលដែលការសាងសង់ស្ទើរសម្រេចរួចរាល់ទាំងស្រុងហើយនោះ។ ដើម្បីត្រៀមលក្ខណៈបានល្អិតល្អន់ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវរៀបចំនូវបញ្ជីមុខម្ហូបអាហារនំចំណីសម្រាប់ដាក់ជូនបងប្អូនអាជីវករលក់ដូរនៅវិថីអាហារនេះ ដោយផ្តោតសំខាន់លើអាហារ នំ ចំណី ប្រចាំតំបន់នីមួយៗរបស់ខេត្ត ហើយអាជីវករដែលចូលលក់ដូរក្នុងវិថីអាហារទាំងអស់ក៏តម្រូវឱ្យមានការស្លៀកសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ”។លោកអភិបាលខេត្ត បានបន្តថា ក្នុងចំណោមម្ហូបអាហារ និងនំចំណីទាំងនោះ ក៏ត្រូវដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈជាកេរដំណែលសម្បត្តិវប្បធម៌ប្រពៃណីជាតិ ពិសេសម្ហូបចំណីជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលជាប់ប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទិននឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។លោក ម៉ៅ ធនិន បានបញ្ជាក់ថា ការបង្កើតផ្សារវិថីអាហារមិនត្រឹមតែជាកន្លែងកម្សាន្តបន្ថែមថ្មីក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋ និងជាការអភិរក្សនូវម្ហូបអាហារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ជាតិ អមដោយការការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាបាននូវអនាម័យខ្ពស់។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពត អំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តក្នុងក្រុងកំពតនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ។លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងដែរថា វិថីអាហារខេត្តកំពតនេះ មិនត្រឹមតែជាកន្លែងលក់ម្ហូបអាហានំចំណីប៉ុណ្ណោះទេ តែក៏ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត ដែលបានបង្ហាញនូវគុណតម្លៃសម្បត្តិវប្បធម៌ជាតិខ្មែរ តាមរយៈរចនាបថអគារ និងសម្លៀកបំពាក់ ម្ហូបអាហារនំចំណីនៅក្នុងផ្សារនេះ។ អាគាររចនាបថខ្មែរនៅចំកណ្តាល អគារបេតិកភណ្ឌរាប់រយខ្នងដែលបន្សល់ពីសម័យបារាំង នឹងធ្វើឱ្យក្រុងកំពតក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារដ៏ឆ្ងាញ់ពិសា បដិសណ្ឋារកិច្ចល្អ និងទាក់ទាញបំផុតមួយក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ