បាត់ដំបង៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យនៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមកនៅក្នុងមូលដ្ឋានស្រុកភ្នំព្រឹក និងស្រុកកំរៀង ។ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារ និងត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទសៀលកន្លងមក និងហាមដាច់ខាតមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល ថែរក្សាវត្ថុតាង និងសម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ និងទីកន្លែងស្នាក់នៅផ្សេងៗទៅឱ្យជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ចៀសវាងមានការជាប់ពាក់ព័ន្ធនឹងបទល្មើសស្គែមអនឡាញ និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់អ៊ីនធើណិតទំហំធំៗគួរឱ្យសង្ស័យសូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។សូមជម្រាបថា អនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា យុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងមូលដ្ឋានខេត្តបាត់ដំបងត្រូវបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពបំផុត ខណៈរដ្ឋបាលខេត្តបានបង្កើនវិធានការរដ្ឋបាលលើទីតាំងប្រមូលផ្ដុំជនបរទេសដែលជាមុខសញ្ញាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតសំដៅទប់ស្កាត់ឱ្យនូវមុខសញ្ញាប្រព្រឹត្តដំណើរការឆបោកតាមប្រព័ន្ធអនឡាញ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ ដូច្នេះយុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាតពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ