ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម៖ ការពង្រឹងយន្តការឌីជីថល ជាការធានាគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា
Thu,19 March 2026 (Time 04:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីឆន្ទៈមោះមុតក្នុងការកសាងប្រព័ន្ធគាំពារសង្គមមួយដែលមានភាពស្អាតស្អំ និងទំនុកចិត្តខ្ពស់ ដើម្បីធានាថា ថវិកាជាតិដែលបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងធ្លាក់ដល់ដៃពលរដ្ឋគោលដៅដោយផ្ទាល់ និងប្រកបដោយប្រសិទ្ធភាពបំផុត។ ការណ៍នេះលោកបានចាត់ទុកបច្ចេកវិទ្យាឌីជីថលគឺជាឆ្អឹងខ្នងនៃតម្លាភាព។

លោក ចន ណារិទ្ធ បានលើកឡើងដូចនេះក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ លោកបានចាត់ទុកការដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP) បានក្លាយជាឧបករណ៍ដ៏មានអានុភាពក្នុងការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យឱ្យមានភាពសុក្រឹតបំផុត។ តាមរយៈថ្នាលឌីជីថលនេះ គណនេយ្យភាពត្រូវបានពង្រឹងដល់កម្រិតអតិបរមា ដែលធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរជាអន្តរជាតិ រហូតឈ្នះបានពានរង្វាន់មាសឌីជីថលអាស៊ានឆ្នាំ២០២៦ និងពានរង្វាន់ទទួលស្គាល់ជាសាកលសម្រាប់ឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនាដើមឆ្នាំដដែលនេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ក៏បានចាត់ទុ តម្លាភាព និងគណនេយ្យភាពគឺជាផ្នែកមិនអាចខ្វះបាននៃអភិបាលកិច្ចល្អ។ លោកថាទន្ទឹមនឹងការប្រើប្រាស់បច្ចេកវិទ្យានេះ យន្តការច្បាប់ក៏ត្រូវបានរឹតបន្តឹងផងដែរ ដោយACU បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ “៣ មុខព្រួញ” រួមមាន ការអប់រំ ការបង្ការទប់ស្កាត់ និងការបង្ក្រាប ដើម្បីធានាថា បុគ្គល និងស្ថាប័នអនុវត្តការងារដោយមានការទទួលខុសត្រូវខ្ពស់ និងបើកចំហព័ត៌មានជាសាធារណៈ។ នេះគឺជាកាតព្វកិច្ចដ៏សំខាន់ដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋក្នុងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាជាតិគាំពារសង្គម គិតត្រឹមឆ្នាំ២០២៥ វិសាលភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជាបានកើនឡើងដល់ ៧,៩លាននាក់ ដែលជាលោតផ្លោះដ៏ធំ ធៀបនឹងតួលេខត្រឹមតែ ៣,៣លាននាក់កាលពីឆ្នាំ២០១៧។ ដើម្បីទ្រទ្រង់ដល់កំណើននេះ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយក្នុងនោះថវិកាប្រមាណ ២៥៧លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់ផ្នែកជំនួយសង្គម និងប្រមាណ ៤២៥ លានដុល្លារសម្រាប់ផ្នែករបបសន្តិសុខសង្គមក្នុងឆ្នាំ២០២៥។

លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចាត់ទុកកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នជំនាញ និងអង្គភាពត្រួតពិនិត្យ បានធ្វើឱ្យប្រព័ន្ធគាំពារសង្គមកម្ពុជាក្លាយជាប្រព័ន្ធមួយដែលមានភាពរឹងមាំ និងមានទំនុកចិត្តពីសាធារណជន។ ការបន្តពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ តាមរយៈបាវចនា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាថា ពលរដ្ឋទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលមានភាពស្មើៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ