ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ ការវិភាគទិន្នន័យលើផ្នែកបច្ចេកទេស និងសេដ្ឋកិច្ចសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់គាំទ្រការសម្រេចចិត្ត និងការរៀបចំគោលនយោបាយសុខាភិបាលជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព
Mon,16 March 2026 (Time 03:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឡូ វាសនាគីរី
រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ការស្រាវជ្រាវ ការប្រមូល និងការវិភាគទិន្នន័យលើផ្នែកបច្ចេកទេស និងសេដ្ឋកិច្ចសុខាភិបាល និងការបង្កើនសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ លើការងារបង្កើតគោលនយោបាយសុខាភិបាល គឺជាកត្តាសំខាន់ សម្រាប់គាំទ្រការសម្រេចចិត្ត និង ការរៀបចំគោលនយោបាយសុខាភិបាលជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពច្បាស់លាស់។

លោករដ្ឋលេខាធិការ មានប្រសាសន៍ដូចនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកទី២ លើការប្រើប្រាស់ទិន្នន័យ សម្រាប់រៀបចំ អនុសាសន៍គោលនយោបាយសុខភាពសាធារណៈ (D2P) ស្តីពី “ការវាយតម្លៃផ្នែកសេដ្ឋកិច្ចទៅលើគោលនយោបាយ” ដែលរៀបចំដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ សហការជាមួយអង្គការ Vital Strategies។

លោក ឡូ វាសនាគីរី មានប្រសាសន៍បន្តថា ក្រសួងសុខាភិបាល ផ្តល់ការគាំទ្រដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ លើការរៀបចំពង្រឹងសមត្ថភាពលើជំនាញ D2P ការសិក្សាស្រាវជ្រាវ សំដៅប្រមូលភស្តុតាងវិទ្យាសាស្រ្តនិងធ្វើសំយោគភស្តុតាងវិទ្យាសាស្ត្រ ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជាសម្រាប់យកមកប្រើប្រាស់ក្នុងការរៀបចំ និងអភិវឌ្ឍគោលនយោបាយសុខាភិបាលនៅកម្ពុជា។

លោកស្រី Emily Myers អនុប្រធានកម្មវិធីផលជះទិន្នន័យ នៃអង្គការ Vital Strategies បានបញ្ជាក់ថា កម្មវិធី D2P ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីរាជការរដ្ឋាភិបាល ក្នុងការប្រើប្រាស់ទិន្នន័យ និងភស្តុតាងឱ្យបានមានប្រសិទ្ធភាព ដោយបម្លែងវាទៅជាអនុសាសន៍គោលនយោបាយ និងកម្មវិធីអនុវត្តដែលអាចអនុវត្តបានជាក់ស្តែង។ សម្រាប់ក្រុម D2P ជំនាន់ទី២ នៃកម្មវិធី D2P នេះ នឹងផ្តោតលើបញ្ហាសុខភាពសាធារណៈសំខាន់ៗ ដូចជាជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងៗទៀត ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសរបស់ក្រសួងសុខាភិបាល។

លោកស្រី Emily Myers បានបញ្ជាក់ថា ការវាយតម្លៃផ្នែកសេដ្ឋកិច្ចទៅលើគោលនយោបាយ គឺជាផ្នែកសំខាន់មួយនៃកម្មវិធី D2P ដែលបច្ចុប្បន្នត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន ២៩ នៅទ្វីបអាម៉េរិកឡាទីន អាស៊ី និងអាហ្វ្រិក។ នៅគ្រប់ប្រទេសជុំវិញពិភពលោក តែងតែប្រឈមមុខនឹងបរិបទដែលធនធានមានកំណត់ ខណៈដែលត្រូវឆ្លើយតបទៅនឹងតម្រូវការសុខភាពជាច្រើនរបស់ប្រជាជនដែលមានភាពចម្រុះ។ ការវាយតម្លៃផ្នែកសេដ្ឋកិច្ច អនុញ្ញាតឱ្យយើងប្រើប្រាស់ធនធានឱ្យបានប្រសើរបំផុត ដោយផ្តល់អាទិភាពដល់អន្តរាគមន៍សុខាភិបាលដែលអាចបង្កើតផលប៉ះពាល់សុខភាពខ្ពស់បំផុត សមស្របនឹងធនធានដែលបានវិនិយោគ។

សូមជម្រាបថា ដើម្បីធ្វើឱ្យការរៀបចំសេចក្តីព្រាង អនុសាសន៍គោលនយោបាយ កាន់តែ មានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ ការវាយតម្លៃសេដ្ឋកិច្ចសុខាភិបាល ទៅលើគោលនយោបាយ មានតួនាទីសំខាន់ក្នុងការប៉ាន់ស្មាននូវទំហំថវិការសម្រាប់ការជ្រើសរើស និងកំណត់អនុសាសន៍គោលនិយោបាយ សមស្របសម្រាប់ការអនុវត្តគោលនយោបាយ និង វាស់វែងប្រសិទ្ធិភាពចំណាយ នៃគោលនយោបាយទាំងនោះ ដើម្បីជួយឱ្យអ្នករៀបចំគោលនយោបាយ អាចកំណត់អាទិភាព និងប្រើប្រាស់ធនធានដែលមានកំណត់ឱ្យបានចំគោលដៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ