ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥
Sat,14 March 2026 (Time 09:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

សៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។

សម្រាប់ការរៀបចំពិធីបុណ្យរំព្ញកព្រះឧបការគុណ សម្តេចព្រះសមហាង្ឃរាជ ជួន ណាត ក្នុងគោលបំណង ដើម្បីរំឭកអំពីគំរូវីរភាព និងស្នាព្រះហស្ថ គុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចព្រះមហាសង្ឃរាជ និងអ្នកប្រាជ្ញក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យខ្មែរ ដែលបានតស៊ូប្តូរផ្តាច់យកអស់កម្លាំងកាយចិត្ត និងសតិបញ្ញាញាណ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរចំនួន ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ដោយបានចំណាយពេលវេលាប្រមាណ ៤០ឆ្នាំ ទើបសម្រេចបានសព្វគ្រប់ ដែលគម្ពីរដ៏ពិសិដ្ឋ និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាននេះ មានលក្ខណៈពិសេស ជាងបណ្តាប្រទេសពុទ្ធសាសនិក នៅលើពិភពលោកទាំងអស់។

ចំពោះលក្ខណៈពិសេសត្រង់ថា ដោយប្រទេសទាំងនោះ មានត្រឹមតែភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរ បានរៀបចំឱ្យមានទាំងភាសាដើម គឺមគធៈភាសា ឬ ភាសាបាលី និងភាសាខ្មែរ ហើយលើសពីនេះទៅទៀតនោះ លក្ខណៈពិសេសរបស់គម្ពីរព្រះត្រៃបិដកខ្មែរ គឺមានភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង គឺមានទាំងគ្រប់សន្លឹក និងគ្រប់ទាំង ១១០ភាគ ។ មួយវិញទៀត ការររៀបចំពិធីរំព្ញកព្រះឧបការគុណនេះ គឺជាការបំពេញនូវកិច្ចកតញ្ញូ ចំពោះលោកអ្នកប្រាជ្ញបុព្វការីជនរបស់យើង ដែលធម៌កតញ្ញូនេះ ជាកំពូល នៃធម៌មួយក្នុងចំណោមបី ហៅថា ត្រៃកូដធម៌ គឺខន្តិ សច្ចៈ កតញ្ញូ ខណៈពូជសាសន៍ខ្មែរ គឺជាពូជសាសន៍ថ្លៃថ្នូរខ្ពង់ខ្ពស់ មានអារ្យធម៌រុងរឿង ជាពិសេសសម័យមហានគរ នៃអាណាចក្រខ្មែរ។

មិនត្រឹមតែប៉ុណ្ណោះ ស្នាព្រះហស្តរបស់ព្រះមហាសង្ឃរាជ ជួន ណាត រួមមានវចនានុក្រមខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិខ្មែរ បានសិក្សាស្រាវជ្រាវអក្សរ និងខ្លឹមសារពន្យល់ពាក្យខ្មែរជាច្រើន រួមទាំង សម្ដេច បានចងក្រងនូវសៀវភៅវេយ្យាករណ៍បាលី គហិបតិបិត្ត សាមណេរវិន័យ បាតិមោក្ខសង្ខេប កាព្យលោកធម៌ សុភមង្គលគាថាបថ្យាវត្ត អត្ថបទផ្សេងៗ ដែលចុះក្នុងទស្សនាវដ្តីកម្ពុជា សុរិយា ពន្លឺពុទ្ធចក្រ និងសៀវភៅផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ព្រះអង្គបានស្ថាបនាព្រះវិហារ ស្ពានធំមួយ តូចមួយអំពីថ្ម សាលាបឋមសិក្សាបំពេញវិជ្ជា គិលានដ្ឋានមួយខ្នង និងមន្ទីរសម្ភពមួយខ្នងធ្វើអំពីថ្ម និងមានកំពែងធ្វើអំពីថ្មពទ្ធ័ជុំវិញ។ ក្រៅពីនេះ ព្រះអង្គបានជួយឧបត្ថម្ភអណ្តូងទឹក លើកទំនប់ទឹក និងស្ថាបនាអគារសាលារៀន និងមន្ទីរពេទ្យ នៅតាមកន្លែងផ្សេងៗជាច្រើន។ ជាងនេះទៅទៀត ស្នាព្រះហស្ថរបស់ព្រះអង្គ ដែលរំឭកឱ្យឃើញរាល់ថ្ងៃនោះ គឺ “បទនគររាជ” ដែលត្រូវបានកុលបុត្រកុលធីតាខ្មែរច្រៀង សម្រាប់ភ្លេងជាតិខ្មែរ។

គួរបញ្ជាក់ថា ទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ គឺមានរៀបចំកម្មវិធីដូចជា គឺនៅព្រឹកថ្ងៃទី១៣ ខែមីនា មានរៀបចំក្បួនធម្មយាត្រាដង្ហែព្រះត្រៃរ័ត្ន ក្នុងក្រុងសៀមរាប, ពេលរសៀលជួបជុំព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទ សមាជិក សមាជិកា អង្គពិធីប្រគំតន្ត្រីកំដរពិធី ដោយសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌, មានកម្មវិធីចម្រើនព្រះបរិត្ត, ការអានព្រះរាជជីវប្រវត្តិសង្ខេប សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត, កម្មវិធីសម្ដែងព្រះធម៌ទេសនា, ពេលល្ងាចមានកម្មវិធីសមាធិ ហើយនៅពេលរាត្រីមានសិល្បៈចាប៉ីដងវែង។ សម្រាប់កម្មវិធីឈានដល់ព្រឹកថ្ងៃទី១៤ ខែមីនា គឺមានពិធីរាប់បាត្រព្រះសង្ឃចំនួន ៣៥០អង្គ ដែលមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្នាក់ដឹកនាំខេត្តសៀមរាប រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីឧទ្ទិសបុណ្យព្រះរាជកុសលថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ