ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានប្រកាសធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ (9th APPF-GH) ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ។នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នាថ្ងៃនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨, អ្នកតំណាងរាស្ត្រជាសមាជិកគណៈកម្មការ, ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ព្រមទាំង ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានពិភាក្សាការងារលម្អិតស៊ីជម្រៅជាមួយតំណាងអង្គការ WHO ដឹកនាំដោយ លោកស្រីវេជ្ជបណ្ឌិត Marianna Trias លើការរៀបចំខ្លឹមសារ និងបច្ចេកទេសនៃវេទិកានេះ។តាមរយៈលទ្ធផលនៃកិច្ចពិភាក្សានៅថ្ងៃនេះ តំណាងអង្គការ WHO ប្រចាំកម្ពុជា បានប្រកាសផ្តល់នូវជំនាញបច្ចេកទេស ដើម្បីធ្វើការងាររួមគ្នាជាមួយរដ្ឋសភាជាតិកម្ពុជា ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឱ្យឆ្លើយតបចំគោលដៅនៃ «ការគ្របដណ្តប់សុខភាពជាសកល (UHC)» និង «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)»។តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការរៀបចំរួមគ្នានេះ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក លើកទី៩ នឹងផ្ដល់នូវទស្សាទានទានគន្លឹះថ្មីៗបន្ថែម ក្នុងការបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើការទប់ស្កាត់ជំងឺមិនឆ្លង (NCDs), លើកកម្ពស់សុខភាពផ្លូវចិត្ត និងការឆ្លើយតបនឹងជំងឺឆ្លងថ្មីៗ។ពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាល ដៃគូអន្តរជាតិក៏បានប្រកាសជួយជ្រោមជ្រែងកម្ពុជា ក្នុងការបង្ហាញពីតួនាទីរបស់សភាក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងសមធម៌។លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា វេទិកា APPF-GH លើកទី៩ នេះ មិនត្រឹមតែជាវេទិកាផ្លាស់ប្តូរយោបល់រវាងសមាជិកសភាក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសមត្ថភាពដឹកនាំ និងការកៀរគរធនធានអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងវិបត្តិមនុស្សធម៌ជាដើម។តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងដៃគូអភិវឌ្ឍន៍អន្តរជាតិ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ ដើម្បីជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយកាន់តែខ្លាំងក្លា ក្នុងការធានាសុខុមាលភាពជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល។គួររំលឹកផងដែរថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពពិភពលោក គឺជាបណ្តាញសភាដ៏មានឥទ្ធិពល ដែលមានបំណងពង្រឹងសមត្ថភាពសមាជិកសភាក្នុងការតាក់តែងច្បាប់ និងអនុម័តថវិកា ដើម្បីគាំទ្រដល់សុខភាពពិភពលោក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ