ថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យវឌ្ឍនភាពការងារ
Sat,07 February 2026 (Time 03:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 12នាក់)

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការវង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើប្រធានបទ៖ (១).ការកែសម្រួលយន្តការពិនិត្យលើរបាយការណ៍ វាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការបង្កើតគេហទំព័រមជ្ឈមណ្ឌលទិន្នន័យច្បាប់ (Digital Legal Database)(២).ការត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ (៣).សេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការឱ្យកាន់មុខតំណែងនៅក្នុង រចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ ការពិព័ណ៌នាមុខតំណែងមន្ត្រីវិជ្ជាជីវៈ ការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្ត្រី និងការវិភាគមុខងារ និង (៤).បញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្រ្តី។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់មូលវិចារខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលម្ខាងបានខិតខំបំពេញការងារតាមមុខងារភារកិច្ចរបស់ខ្លួនអស់ពីកម្លាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវ ស្មារតីវិជ្ជាជីវៈ អភិបាលកិច្ចខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ជូនប្រទេសជាតិនិងមាតុភូមិ និងម្ខាងទៀត បានលះបង់ចែករំលែក ក្នុងស្មារតីស្នេហាជាតិ និងចូលរួមយ៉ាងសកម្មជាកម្លាំងឯកភាពជាតិ និងសាមគ្គីភាពដ៏ធំមួយ នៅសមរភូមិក្រោយ ក្នុងការទប់ទល់នឹងសង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជា តាមរយៈការបរិច្ចាគជាថវិកា និងសម្ភារៈ ដល់វីរកងទ័ព យុទ្ធជនពលី យុទ្ធជនរបួស និងប្រជាជនភៀសសឹក ព្រមទាំង ពលករដែលត្រលប់ពីប្រទេសថៃផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា ក្រៅពីការបំពេញនូវមុខងារស្នូល មុខងារសម្របសម្រួល និងមុខងារពិសេស ដូចជាការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ គោលនយោបាយ និងសំណើផ្សេងៗ ការសម្របសម្រួលកិច្ចការអន្តរក្រសួង ការរៀបចំកិច្ចប្រជុំ ការរៀបចំសេចក្តីជូនដំណឹងរបស់ទីស្តីការ គណៈរដ្ឋមន្រ្តី (សជណ) ការងារគ្រឿងឥស្សរិយយស ការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រាជរដ្ឋាភិបាល និងការកែទម្រង់ច្បាប់ ព្រមទាំងការតាមដានត្រួតពិនិត្យនិងវាយតម្លៃលើការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល ទី១(M&E) ជាដើម, ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានធ្វើការកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន និងរៀបចំធនធានមនុស្ស តាមរចនាសម្ព័ន្ធនីមួយៗរួចរាល់ ព្រមទាំងបានកែលម្អកិច្ចការនេះជាបន្តទៀត ដោយខិតខំធ្វើផង រៀនសូត្រផង និងកែទម្រង់ផង។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា នេះ គឺជាការធ្វើស្ថាប័នីយកម្ម សំដៅធ្វើឱ្យទីស្តីការគណៈរដ្ឋមន្រ្តីក្លាយជាស្ថាប័នមួយដែលមានចីរភាព គុណភាព ប្រសិទ្ធភាព មានឯកទេសកម្ម និងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍នីតិរដ្ឋ ផលប្រយោជន៍សាធារណៈ បរិយាប័ន្ន និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំ និងអនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងយន្តការពិនិត្យលើរបាយការណ៍វាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ក៏ដូចជាដើម្បីជំរុញសន្ទុះល្បឿនកិច្ចការនេះ ដែលមានវឌ្ឍនភាពយឺតនាពេលកន្លងមក តាមរយៈការរៀបចំអង្គភាពគម្រោង PMUដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី និងការរៀបចំ SOP ព្រមទាំងការរៀបចំធ្វើបច្ចុប្បន្នភាពGuideline ឱ្យបានច្បាស់លាស់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការរៀបចំក្របខ័ណ្ឌ RIA នេះ មិនមែនចាំបាច់សម្រាប់តែការរៀបចំច្បាប់ និងគោលនយោបាយប៉ុណ្ណោះទេ តែក៏មានសារៈសំខាន់សម្រាប់ការពិនិត្យនិងផ្តល់យោបល់លើសំណើ ឬដំណោះស្រាយចំពោះបញ្ហាផ្សេងៗផងដែរ នៅក្នុងក្របខ័ណ្ឌជាវិធានការច្បាប់ នយោបាយ សេដ្ឋកិច្ច និងរដ្ឋបាលផងដែរ។ និយាយរួម ក្របខ័ណ្ឌ RIA គឺជាឧបករណ៍ដែលធ្វើឱ្យយើងអាចពិនិត្យលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្តិមកលើសេដ្ឋកិច្ច សង្គម បរិស្ថាន ធុរកិច្ច បុគ្គល និងថវិកាជាតិ ស្របតាមទិសស្លោកដែលថា «លិខិតបទដ្ឋានល្អ សេដ្ឋកិច្ចរីកចម្រើន ជីវភាពប្រជាជនល្អប្រសើរ! Good Regulation, High Growth, Better Livelihood! »។លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំ និងការតម្រង់ទិសមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការរៀបចំរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់ (Digital Legal Database) ដើម្បីប្រមូលចងក្រង បោះពុម្ពផ្សព្វផ្សាយ រក្សា ធានាសុពលភាពគតិយុត្ត ប្រឹក្សានិងផ្តល់យោបល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ឱ្យមានប្រសិទ្ធភាព សម្រាប់ការប្រើប្រាស់ផ្ទៃក្នុងផង និងអាចបើកទូលាយដល់សាធារណៈតាមរយៈគេហទំព័រផង ព្រោះកន្លងមកពុំទាន់មានអង្គភាពណាមួយប្រមូលទិន្នន័យច្បាប់នោះទេ ហើយបច្ចុប្បន្នអង្គភាពនីមួយៗរៀបចំដោយឡែកៗរៀងខ្លួន ដែលជាហេតុធ្វើឱ្យមានការបែកខ្ញែក និងត្រូវចំណាយធនធានច្រើន។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់អនុសាសន៍មួយចំនួន ពាក់ព័ន្ធនឹងការរៀបចំសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការតែងតាំងមន្ត្រីរាជការឱ្យកាន់មុខតំណែងនៅក្នុងរចនាសម្ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអង្គភាពចំណុះ និងបានជំរុញរៀបចំឱ្យបានឆាប់នូវការពិពណ៌នាមុខតំណែងមន្ត្រីវិជ្ជាជីវៈ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី រួចបញ្ជូន ទៅក្រសួងមុខងារសាធារណៈ និងបន្តសហការជាមួយក្រសួងមុខងារសាធារណៈក្នុងការការធ្វើជំរឿនមន្ត្រី និងការវិភាគមុខងារ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះដែរ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន និងបណ្តាភារកិច្ចចំពោះមុខ, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យបន្តខិតខំពង្រឹងខ្លួនជាប់ជាប្រចាំ តាមរយៈការបន្តកសាងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការចូលរួមកិច្ចប្រជុំទាំងដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត ពិសេសពាក់ព័ន្ធនឹង AI ក៏ដូចជាការពង្រឹងវិន័យការងារ ទាំងការគោរពម៉ោងពេលបំពេញការងារ វត្តមានការងារ និងរបបសុំច្បាប់ឈប់សម្រាកជាដើម សំដៅពង្រឹងផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងធានាបាននូវយុត្តិធម៌ចំពោះអ្នកដែលបានខិតខំបំពេញការងារខ្លាំង ក្នុងការទទួលបាននូវប្រាក់ឧបត្ថម្ភលើកទឹកចិត្តសមិទ្ធកម្មការងារ។ ទន្ទឹមនេះ ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីសម្រេចបាននូវជោគជ័យបន្ថែមទៀត និងទទួលបានទំនុកចិត្តពីសម្តេចធិបតីនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

វីដែអូ