ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីររាជធានី-ខេត្ត ថ្នាក់ដឹកនាំកងវិស្វកម្ម និងមន្រ្តីរាជការជាច្រើនរូប។ពិធីសន្និបាតនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើការពិភាក្សា ពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និងដឹកជញ្ជូន ដែលក្រសួងសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។ក្នុងស្មារតីគោរពយ៉ាងម៉ឺងម៉ាត់លើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ រួមមាន ទី១). ការលើកកម្ពស់សេវាដឹកជញ្ជូនគ្រប់ប្រភេទតាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាឱ្យបានលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿ ទុកចិត្ត និង ទី២). ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។ ដើម្បីសម្រេចចក្ខុវិស័យទាំងពីរខាងលើ ក្រសួងបានដាក់ចេញនូវវិធានការគន្លឹះ សំខាន់ៗក្នុងការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ជាពិសេសផ្តោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតម្រង់ទិសឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលមានភាពប្រទាក់ក្រឡា ប្រសិទ្ធភាព សេដ្ឋកិច្ច និងសុវត្ថិភាព ដើម្បីកាត់បន្ថយពេលវេលា និងចំណាយក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ ក្រសួងក៏បានជំរុញការរៀបចំច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងក្នុងវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរផងដែរ។ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ជាមួយលទ្ធផលដ៏ល្អប្រសើរនៃការអនុវត្តការងារឆ្នាំ២០២៥ និងឆន្ទៈក្នុងការជំរុញនូវគុណភាព និងប្រសិទ្ធភាពការងារនៅក្នុងឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តីសំណូមពរឱ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បន្តខិតខំប្រឹងប្រែង និងរួបរួមគ្នាជាធ្លុងមួយចូលរួមអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្ពោះទៅសម្រេចបានជោគជ័យក្នុងទិសដៅការងារស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។គួរបញ្ជាក់បន្ថែមថា ក្រសួងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ មានរយៈពេល២ថ្ងៃ ដោយពិធីបើកនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយការរៀបចំសន្និបាតនេះ រៀបចំជាទម្រង់កិច្ចពិភាក្សា (Panel Discussion) ជាបីផ្នែករួមមាន៖ (១). បញ្ហាប្រឈម ដំណោះស្រាយ និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន (២). ការគ្រប់គ្រង និង តាមដានការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និង (៣). ការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ថវិកាជាតិ ដែលជាផ្នែកមួយក្នុងការផ្តល់ឱកាសជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ អាចចូលរួមស្តាប់នូវកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ ការចែករំលែកបទពិសោធន៍ ចំណេះដឹង និងធាតុចូលនានាសម្រាប់គ្រប់គ្រង រៀបចំ និងអនុវត្តទិសដៅការងារបន្តឱ្យកាន់តែមាន ប្រសិទ្ធភាព ប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម លើការទទួលខុសត្រូវខ្ពស់។ ពិធីបិទសន្និបាត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ