ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីកិច្ចការនារី៖ អត្រានៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់នៅកម្ពុជា នៅតែមានកម្រិតខ្ពស់ ខណៈមូលហេតុចម្បង ដោយសារភាពក្រីក្រ និងកង្វះចំណេះដឹង
Thu,05 February 2026 (Time 04:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានមានប្រសាសន៍ថា អត្រានៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់នៅក្នុងប្រទេសកម្ពុជា នៅតែមានកម្រិតខ្ពស់ ជាពិសេសនៅតាមបណ្តាខេត្ត ដែលស្ថិតនៅតំបន់ភូមិភាគឦសាន។ យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ( CDHS 2021-22) បានបង្ហាញថា មានស្ត្រី១,៨% បានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៥ឆ្នាំ មានស្រ្តី ១៧,៩% បានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំ និងមានបុរស ៦%ដែលបានរៀបការមុនពេលអាយុ១៨ឆ្នាំ។

លោកស្រីរដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ លើកចុងក្រោយ លើសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការបង្ការទប់ស្កាត់
ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ នៅកម្ពុជា ឆ្នាំ២០២៥-២០៣០។

បើផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពីអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង ដែលក្រសួងកិច្ចការនារីនិងអង្គការភ្លែនអន្តរជាតិ បានធ្វើកាលពីឆ្នាំ២០២៤ បានបង្ហាញថា មានស្រ្តីប្រមាណ ១៣,៩៣% បានរៀបអាពាហ៍ពិពាហ៍នៅអាយុចន្លោះពី១៥-១៨ឆ្នាំ មានស្រ្តី ១៤,៤៤% បានរៀបអាពាហ៍ពិពាហ៍មុនអាយុ ១៨ឆ្នាំ ចំណែកបុរសវិញមានតែ០,២២% ប៉ុណ្ណោះ ដែលបានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៥ឆ្នាំ និងមានបុរស ២,២៩% បានរៀបការនៅអាយុចន្លោះពី១៥-១៨ឆ្នាំ។

លោកស្រី អ៉ឹង កន្ថាផាវី បានបញ្ជាក់ថា មានកត្តាមួយចំនួន ដែលនាំឱ្យមានការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ដូចជា ភាពក្រីក្រ កង្វះចំណេះដឹង វិសមភាពយេនឌ័រ បទដ្ឋានសង្គមនិងវប្បធម៌ ឥទ្ធិពលនៃប្រព័ន្ធអ៊ីនធឺណេត និងបណ្តាញព័ត៌មានសង្គម ដែលការណ៍នេះ ធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ក្មេងស្រី ដូចជា ការមានផ្ទៃពោះនៅវ័យ ជំទង់ ការរំលូតកូនដោយមិនមានសុវត្ថិភាព សុខភាពបន្តពូជ សុខភាពផ្លូវចិត្ត រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ បាត់បង់សិទ្ធិ សេរីភាព ការធ្វើការសម្រេចចិត្ត បាត់បង់ឱកាសក្នុងការរៀនសូត្រ និងចូលរួម សកម្មភាពនានា ក្នុងនាមជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។

ផ្អែកលើរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា នៅលើពិភពលោកមានក្មេងស្រីប្រមាណ ៦៤០លាននាក់ ដែលបានរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ក្នុងនោះស្ទើរពាក់កណ្តាលនៃក្មេងស្រីជាកូនក្រមុំនៅអាស៊ីខាងត្បូង ៤៥% ស្មើនឹងចំនួនក្មេងស្រី២៩០លាននាក់ ហើយបន្ទាប់មកនៅអនុតំបន់-សាហារ៉ា អាហ្វ្រិចមាន២០% ស្មើនឹងចំនួន ១២៧លាននាក់ និងនៅអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកមាន ១៥% ស្មើនឹងចំនួនក្មេងស្រី ៩៥លាននាក់។

សូមជម្រាបថា សេចក្តីព្រាង “ផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់នៅកម្ពុជាឆ្នាំ២០២៥-២០៣០” នេះ គឺ ជាផែនការសកម្មភាពជាតិថ្មីមួយបន្ថែមទៀត ដែលដឹកនាំ និងសម្របសម្រួលរៀបចំដោយក្រសួងកិច្ចការនារី ដែលមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធ រួមមាន ក្រសួង ស្ថាប័ន អង្គការដៃគូ សង្គមស៊ីវិល វិស័យឯកជន ហើយវានេះ នឹងក្លាយជាផែនទីតម្រង់ទិស សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តដោយផ្អែកលើការទទួលខុសត្រូវតាមវិស័យ និងគោលបំណងរបស់ខ្លួន ក្នុងគោលដៅរួមគ្នាបង្ការទប់ស្កាត់ ដើម្បីបញ្ចប់មូលហេតុ និន្នាការ ឥទ្ធិពល បញ្ហាប្រឈមនិងផលប៉ះពាល់នៃអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ក្នុងប្រទេសកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ