កំពត៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងគោលនយោបាយនោះបានកំណត់នូវគោលដៅសំខាន់៤ ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅទីជនបទឱ្យកាន់តែប្រសើរ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សុខភាព បរិស្ថានល្អ និងមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព។លោក ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងដូចនេះក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥ ដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា “យុទ្ធសាស្ត្របញ្ចកោណ” ទី១ ដែលមានបាវចនា៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា រួមទាំងគោលដៅ៥គឺ ១. ធានាកំណើនសេដ្ឋកិច្ច ២. បង្កើតការងារឱ្យបានកាន់តែច្រើន, ៣. សម្រេចឱ្យបាននូវ គោលដៅកាត់បន្ថយភាពក្រីក្រឱ្យនៅក្រោម ១០%, ៤. បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងគុណភាពស្ថាប័ន និង៥. ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បី “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០” ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមកិច្ចខិតខំដឹកនាំរបស់ លោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ហើយទទួលបានការឯកភពពីរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានដាក់ឱ្យអនុវត្តជាផ្លូវការថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។លោករដ្ឋលេខាធិការ បានបញ្ជាក់ថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥ ផ្តោតសំខាន់ទៅលើតម្រូវការអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗដូចជា តំបន់ទំនាមកណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាប ដើម្បីអភិវឌ្ឍន៍តំបន់ទាំងនោះឱ្យមានការរីកចម្រើនប្រកបដោយតុល្យភាព បរិយាបន្ន ភាពធន់ និងចីរភាព ជាពិសេសដើម្បីអភិវឌ្ឍន៍តំបន់ជនបទនៅតាមបន្ទាត់ព្រំដែន និងកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ដោយចក្ខុវិស័យ ដោយមានគោលដៅចំនួន៤សំខាន់សម្រាប់ជួយលើកកម្ពស់ជីវភាពពលរដ្ឋនៅទីជនបទឱ្យប្រសើរ រួមមាន ១. តំបន់ជនបទត្រូវតែមានហេដ្ឋរចនាសម្ព័ន្ធប្រទាក់ក្រឡា, ២. ប្រជាពលរដ្ឋរស់នៅជនបទត្រូវមានសុខភាពល្អ និងអាយុសង្ឃឹមរស់វែង, ៣. ប្រជាពលរដ្ឋរស់នៅក្នុងភូមិឋានមានសេចក្តីសុខក្សេមក្សាន្ត និងបរិស្ថានល្អ និងទី៤. ប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព។លោករដ្ឋលេខាធិការក៏បានជំរុញលើកទឹកចិត្តអាជ្ញាធរ មន្ត្រី មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ សូមរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥ ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ