សៀមរាប៖ អគារមជ្ឈមណ្ឌលបេះដូង ដែលបំពាក់ដោយឧបករណ៍ទំនើបៗនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានតម្លៃជាង ២លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ទុកថា មជ្ឈមណ្ឌលបេះដូងនេះជានវានុវត្តន៍ថ្មីនៅក្នុងវិស័យសុខាភិបាល ក្នុងការចូលរួមដ៏សំខាន់ឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជំងឺបេះដូង ជាពិសេសជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងាត់ និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ។លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សមិទ្ធផលនៃគម្រោងមួយនេះ ក៏នឹងចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើនវានុវត្តន៍ទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកជំងឺបេះដូង និងសរសៃឈាម ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាព នៃការបម្រើសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមមាន ការធ្វើរោគវិនិច្ឆ័យបេះដូង ការសង្គ្រោះបន្ទាន់ ជាកន្លែងសម្រាកព្យាបាលជំងឺបេះដូង ការពិគ្រោះជំងឺ ការឆ្លុះអេកូសាស្រ្ត ការឆ្លុះសរសៃឈាម និងការវះកាត់បេះដូង ព្រមទាំងការរួមបញ្ចូលសេវារូបភាពវេជ្ជសាស្រ្ត។លោករដ្តមន្ត្រី ក៏បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ធ្វើការទាក់ទាញគ្រូពេទ្យជំនាញផ្នែកបេះដូងបន្ថែមលើចំនួនគ្រូពេទ្យជំនាញដែលមានស្រាប់ ដើម្បីផ្តល់សេវាកម្មព្យាបាលដល់អ្នកជំងឺ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ លោក ក៏បានជំរុញដល់អាជ្ញាធរខេត្តសៀមរាបជួយគាំទ្រដល់មន្ទីរសុខាភិបាល ក្នុងការបង្កើតមជ្ឈមណ្ឌលជំងឺមហារីក នៅក្នុងខេត្តនេះបន្ថែមទៀត។មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោមការដឹកនាំ និងគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្នុងការកៀរគរធនធាន និងដៃគូរអភិវឌ្ឍន៍នានា ដើម្បីធ្វើទំនើបកម្ម និងបង្កើតឱ្យមានសេវាសង្គ្រោះ និងព្យាបាលអ្នកជំងឺបេះដូងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយទទួលបានការគាំទ្រពីគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ ជាលទ្ធផលដ៏គាប់ប្រសើរមន្ទីរពេទ្យបានទទួលនូវជំនួយដ៏ថ្លៃថ្លាពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងទំហំទឹកប្រាក់ជាង ២៤០លានដុល្លារ ដើម្បីសាងសង់អគារមជ្ឈមណ្ឌលបេះដូង និងបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា។លោកវេជ្ជបណ្ឌិតបន្តថា អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប បានផ្តល់សេវាសេវាពិគ្រោះជំងឺក្រៅ លើឯកទេសជំងឺបេះដូង និងសរសៃឈាម សេវាកម្មអមវេជ្ជសាស្រ្ត ឯកទេសជំងឺបេះដូង និងសរសៃឈាមផ្សេងៗ។លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានថ្លែងថា ក្រៅពីជួយសង្គ្រោះអ្នកជំងឺបេះដូងបានទាន់ពេលវេលា មជ្ឈមណ្ឌលបេះដូងនេះ ក៏ជាការផ្តល់ទំនុកចិត្តមួយបន្ថែមទៀតដល់អ្នកទេសចរបរទេសដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ លោកថា អ្នកទេសចរបរទេសពួកគាត់នឹងគិតថា ប្រសិនបើពួកគាត់មានបញ្ហាបេះដូង ពួកគាត់នឹងមានសុវត្ថិភាព ព្រោះខេត្តសៀមរាប មានសេវាកម្មព្យាបាលជំងឺមួយនេះ ដែលមានប្រកបដោយគុណភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ