ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងការងារ៖ ចំនួនអ្នកមានការងារធ្វើក្នុងប្រទេស កើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤
Thu,26 February 2026 (Time 06:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះ វិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ ៣លាននាក់ និងសេវាកម្មប្រមាណ ៤,៩ លាននាក់។


ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស លោករដ្ឋមន្រ្តី ក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីមានការកើនឡើងដល់ចំនួន ៤៦ ៦៤៩សហគ្រាស (កើន ១ ៨៥១) ដោយមានកម្មករនិយោជិតសរុបប្រមាណ ២,២លាននាក់ (កើន ៤០១,៤៧៩នាក់)។


ទន្ទឹមនេះ ក្រសួង បានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់១២៩៧ ដោយមានអ្នកប្រចាំការ ៧ថ្ងៃ/សប្តាហ៍ និង២៤ម៉ោង/ថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំ សង្កាត់ របស់បងប្អូនអតីតពលករផ្ទាល់តែម្តង។


គិតត្រឹមឆ្នាំ២០២៥នេះ មានអតីតពលករខ្មែរមកពីប្រទេសថៃ សរុបប្រមាណ ៦២ម៉ឺននាក់ បានទទួលការងារធ្វើ ដែលជាប្រែក្លាយបញ្ហាប្រឈមទៅជាការបំពេញតម្រូវការកម្លាំងពលកម្មក្នុងប្រទេស ជំរុញកំណើនសេដ្ឋកិច្ចជាតិ។


ការសម្រេចបាននូវលទ្ធផលការងារដែលទទួលបានការសាទរពីវិស័យឯកជន កម្មករនិយោជិត ប្រជាពលរដ្ឋ និងដៃគូនានារបស់ក្រសួងនាពេលនេះ ឯកឧត្តម ហេង សួរ បញ្ជាក់ថាគឺជាការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសកម្ម ខណៈក្រសួងបានផ្តល់នូវសេវាការងារជូនប្រជាពលរដ្ឋ វិស័យឯកជន និងបងប្អូនកម្មករនិយោជិត លើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មវិជ្ជាជីវៈ អនុលោមតាមច្បាប់ស្ដីពីការងារ, ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងអន្តរាគមន៍ដោះស្រាយកូដកម្ម បាតុកម្មក្នុងវិស័យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។


តាមរយៈការសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈនាពេលនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងមានសត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និយោជក សហជីព កម្មករនិយោជិត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្នុងការធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែមានភាពរីកចម្រើន ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕


ជារួមមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារមានលក្ខខណ្ឌការងារល្អប្រសើរ ក៏ដូចជាផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិត ទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព បើទោះជាក្នុងបរិការណ៍សកលលោកឆ្នាំ២០២៥ ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងគំហុក កម្ពុជាមិនត្រឹមតែឈរជើងយ៉ាងរឹងមាំក្នុងរលកនៃវិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវភាពធន់យ៉ាងមហិមា ចំពោះមុខការរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់យោធាថៃនៅតាមបណ្តោយព្រំដែន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ