ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រី​ ស សុខា រម្លឹកម្ចាស់ទីតាំងដែលមានជនបរទេសស្នាក់នៅ ត្រូវអនុវត្តកាតព្វកិច្ចរាយការណ៍ ជូនសមត្ថកិច្ច
Thu,26 February 2026 (Time 04:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

លោកឧបនាយករដ្ឋមន្ត្រី​ ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានដាស់តឿនជាមុនទៅកាន់ម្ចាស់ទីតាំងស្នាក់នៅគ្រប់ប្រភេទ មិនថាសណ្ឋាគារ ផ្ទះសំណាក់ ឬម្ចាស់អគារស្នាក់នៅនានា ដែលមានជនបរទេសស្នាក់នៅ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ជូនសមត្ថកិច្ច ខណៈសមត្ថកិច្ច នឹងអនុវត្តការពិន័យ ចាប់ពីដើមខែមីនា ឆ្នាំ២០២៦នេះតទៅ។


ការរម្លឹកនេះ បានធ្វើឡើងក្នុងកម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។


ភ្ជាប់នឹងការរម្លឹកដាស់តឿននេះ លោកឧបនាយករដ្ឋមន្ត្រី​ ស សុខា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុក ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ជាការបង្ហាញនូវជំហរឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនមានការរើសអើង ជាស្មារតីសាមគ្គីភាព និងជាការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងកលល្បិចដ៏ពិសពុលរបស់ជនល្មើស គួបផ្សំនឹងការឆបោកតាមបច្ចេកវិទ្យា (Online Scams) ដ៏ទំនើប ដែលអូសទាញមនុស្ស ឱ្យធ្លាក់ក្នុងភាពរងគ្រោះយ៉ាងធ្ងន់ធ្ងរ។លោក'បានសង្កត់ធ្ងន់ថា ជនបរទេសដែលស្នាក់នៅតាមទីតាំងនានាដោយពុំបានរាយការណ៍ទៅសមត្ថកិច្ចពីសំណាក់ម្ចាស់ទីតាំង ស្ថិតក្នុងចំណោមជនបរទេសដែលអាចសំងំប្រព្រឹត្តបទល្មើស។

លោកឧបនាយករដ្ឋមន្ត្រី​ ស សុខា បានប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយលុបបំបាត់ឱ្យខាងតែបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមាននៅលើទឹកដីកម្ពុជា។ លោកការប្ដេជ្ញាចិត្តការពារប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសទាំងឡាយណា ដែលបាននិងកំពុងស្នាក់នៅលើទឹកដីកម្ពុជា ឱ្យមានសុវត្ថិភាព និងទទួលបាននូវកិច្ចការពារតាមគោលការណ៍ច្បាប់ ដោយឥតរើសអើង និងមិនបណ្តែតបណ្តោយឱ្យបទល្មើស រីកធំធាត់ ក្លាយជាឧបសគ្គដល់ដំណើរការ នៃការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ ដែលជាគោលដៅចម្បងរបស់ជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដែលបាន និងកំពុងអនុវត្តយ៉ាងរលូន ក្នុងដំណាក់កាលទី១ និងបន្តបន្ទាប់។


សូមបញ្ជាក់ថា​ ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបង្ក្រាប ករណីជួញដូរមនុស្ស បានសរុបចំនួន ៧៩ករណី លើ២៨ករណី (បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ គឺកើនឡើងបីដង) ក្នុងនោះឃាត់ខ្លួនសង្ស័យសរុបបានចំនួន ១៣០នាក់ និងបង្ក្រាបបទល្មើសធ្វើអាជីវកម្មផ្លូវភេទ បាន១០១ករណី ឃាត់ខ្លួនជនសង្ស័យ ១៤៤នាក់។ នេះបើតាមរបាយការណ៍ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។


ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ គឺជាយុទ្ធនាការដ៏ធំមួយ ដែលត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយការយល់ដឹង អំពី អំពើជួញដូរមនុស្ស ដែលបាន និងកំពុងក្លាយជាឧបសគ្គដ៏ធំ ក្នុងការកសាងនូវសន្តិសុខ សុវត្ថិភាពក្នុងតំបន់ និងក្នុងសកលលោក ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធនធានមនុស្ស ដែលជាកម្លាំងពលកម្មដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍជាតិនៃបណ្តាប្រទេស ក្នុងតំបន់ និងក្នុងសកលលោក។


ប្រមុខក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាននេះ គឺកើតចេញពីការខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងការចូលរួមសហការ និងស្មារតីលះបង់ខ្ពស់ ស្របពេលដែលពិភពលោក បាននិងកំពុងប្រឈមនឹងវិបត្តិដ៏ស្មុគស្មាញជាបន្តបន្ទាប់ ដូចជា បញ្ហាកូវីដ-១៩ គ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ ដែលបង្កឱ្យមានការខ្វះខាតស្បៀង ទីជម្រក និងសុវត្ថិភាព ព្រមទាំងបញ្ហាជម្លោះប្រដាប់អាវុធ ការបំផ្លាញទឹកដី និងបរិស្ថានកាន់តែធ្ងន់ធ្ងរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាកែច្នៃ បំប្លែងរូបភាព សំឡេងដែលបង្កឱ្យមានការភ័ន្តច្រឡំនិងបំពុលព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ៕


យោងតាមអនុក្រឹត្យលេខ ០៣ ចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦​ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបាន បំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា​ ១៦នៃអនុក្រឹត្យនេះ ត្រូវផាកពិន័យជាប្រាក់ចំនួន​ ៤០០ ០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។


បើតាមអនុក្រឹត្យដដែល ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន​ ៤ ០០០ ០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ