ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ជា សុមេធី អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Tue,24 February 2026 (Time 09:19 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឯកឧត្តម ជា សុមេធី មានប្រសាសន៍ថា ដើម្បីរួមចំណែកសម្រេចឱ្យបានគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវ គោលនយោបាយការលើកកម្ពស់កិច្ចគាំពារសង្គម និងសេវាសង្គមដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌សេវាសង្គមកិច្ច និងកិច្ចគាំពារសង្គម សម្រាប់គ្រួសារក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ។

ឯកឧត្តម ន្តថា ក្នុងឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា អនុវត្តសម្រេចបានលទ្ធផលនូវសមិទ្ធផលសំខាន់ៗមួយចំនួនដូចជា៖

១- សេវាសុខុមាលភាពមនុស្សចាស់ អតីតយុទ្ធជន និងនិវត្តជន ត្រូវបានយកចិត្តទុកដាក់ និងពង្រឹង។ សមាគមមនុស្សចាស់នៅតាមឃុំ-សង្កាត់ ត្រូវបានពង្រឹងបន្ថែមជាបន្តបន្ទាប់ ។ ចំពោះសមាគមអតីតយុទ្ធជនកម្ពុជា បានសម្រេចប្តូរឈ្មោះពី សមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ដោយសម្រេចបញ្ចូលអតីតមន្ត្រីរាជការស៊ីវិលចូលក្នុងសមាគម និងដំឡើងថវិកាឧបត្ថម្ភពី ៤០០០ លានរៀល ទៅ ៨០០០ លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៦ តទៅ និងជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ១០០ ខ្នង ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០។

២- សេវាកិច្ចការពារកុមារ នៅតែបន្តរីកចម្រើនឥតឈប់ឈរ កុមាររងគ្រោះត្រូវបានយកចិត្តទុកដាក់ និងទទួលបានការគាំពារ ស្របតាមបទដ្ឋាន និងគោលដៅកំណត់។ ការធ្វើអាជីវកម្មគ្រប់រូបភាពលើកុមារ អំពើហិង្សាលើកុមារ ការប្រើប្រាស់ពលកម្មកុមារ អំពើពេស្យាចារលើកុមារ ការជួញដូរកុមារ អំពើអនាចារ និងអសីលធម៌ផ្សេងៗលើកុមារត្រូវបានចាត់វិធានការបង្ការ អន្តរាគមន៍ និងទប់ស្កាត់បានទាន់ពេលវេលា។ គោលនយោបាយថែទាំជំនួសចំពោះកុមារ និងបទដ្ឋានអប្បបរមា សម្រាប់ការថែទាំកុមារក្នុងមណ្ឌល និងសហគមន៍ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

៣- ការងារកិច្ចការគ្រួសារ ក្រសួងបាន និងកំពុងអនុវត្តកម្មវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ សំដៅផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់គ្រួសារគោលដៅដែលបច្ចុប្បន្នកំពុងអនុវត្តសាកល្បងនៅខេត្តបាត់ដំបង តាមរយៈកម្មវិធីនេះគ្រួសារគោលដៅបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរ និងស្ដារជីវភាពឱ្យប្រសើរឡើង។

៤- កម្មវិធីបន្សាប ព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបានអនុវត្ត។ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនជាងមួយម៉ឺននាក់ក្នុងមួយឆ្នាំៗ ទទួលបានការបន្សាប ព្យាបាល ស្តារ នីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ មុននឹងធ្វើសមាហរណកម្មទៅកាន់គ្រួសារ និងសហគមន៍។

៥- សេវាគាំពារជនរងគ្រោះ ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់។ ជនរងគ្រោះដោយអំពើជួញដូរមនុស្សរាប់វ័យនាក់ត្រូវបានសង្គ្រោះ អប់រំ ប្រឹក្សាយោបល់ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមមណ្ឌលរបស់អង្គការ មុននឹងធ្វើសមាហរណកម្មទៅសហគមន៍ និងធ្វើមាតុភូមិនិវត្តទៅកាន់ប្រទេសដើម ព្រមទាំងមានយន្តការតាមដានបន្ត ដើម្បីប្រាកដថាជនរងគ្រោះមានស្ថានភាពល្អប្រសើរ។

៦- សេវាសុខុមាលភាពជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់។ ជនមានពិការភាពជាងប្រាំបួនម៉ឺននាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទនៅតាមរាជធានី ខេត្ត ព្រមទាំងផ្តល់សោហ៊ុយធ្វើដំណើរ និងឧបត្ថម្ភជាប្រាក់អាហារ។ ក្រសួងបានបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរជូនជនមានពិការភាព បង្កឱកាសឱ្យជនមានពិការភាពចូលរួមកិច្ចការសង្គមយ៉ាង ពេញលេញ ស្មើភាព និងគ្មានការរើសអើង។ ជនមានពិការភាពជាងមួយម៉ឺននាក់ កំពុងបំពេញការងារនៅតាមក្រសួងស្ថាប័នរដ្ឋ រោងចក្រ សហគ្រាស និងវិស័យឯកជននានា។

៧- ការងារជួយគ្រួសារភៀសសឹក ក្រសួងបានយកចិត្តទុកដាក់ និងចាត់ទុកជាការងារអាទិភាពចំពោះមុខដែលត្រូវដោះស្រាយបន្ទាន់ ដើម្បីជួយសម្រាលទុក្ខលំបាក ។ ក្រៅពីសកម្មភាពខាងលើ ក្រសួងបាននាំយកកញ្ចប់ជំនួយជូនដល់វីរកងទ័ពជួរមុខ ដែលជាការចូលរួមប្រកបដោយទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនពីគ្រប់ទិសទី។
៨- រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជំនួយសង្គមមួយចំនួនរួមមាន៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលមាន គ្រួសារគោល ជនចាស់ជរា ជនមាន ពិការភាព អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម ២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ កម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន និងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាពិសេសស្ត្រី និងជនមានពិការភាព ដែលចំណាយ ថវិកាសរុបប្រមាណ ១៥៣,៣១ លានដុល្លារអាម៉េរិក។

៩- របបសន្តិសុខសង្គមត្រូវបានកែសម្រួល និងដំឡើងជាបន្តបន្ទាប់ ដោយប្រាក់សោធនអប្បបរមាដំឡើងដល់ ៨៤៥,០០០ រៀល ក្នុងមួយខែ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ