ភ្នំពេញ៖ លោក Joo Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) មានគម្រោងចង់បង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា ដើម្បីឆ្លើយតនឹងតម្រូវការទីផ្សារ និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ម្យ៉ាងវិញទៀត ជាការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគីរវាងស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅផងដែរ។ ការមានបំណងចង់វិនិយោគបង្កើតរោងចក្រនេះក្នុងជំនួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon ដែលដឹកនាំកិច្ចប្រជុំដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងឱកាសនោះ លោក Joo Bong Park បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានលើកឡើងថា កម្ពុជាជាប្រទេសកំណើតទី២របស់លោក។ លោកថានឹងខិតខំជំរុញឱ្យធុរជនក្នុងទីក្រុង Incheon ដែលជាទីក្រុងធំទី២ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម និងភស្តុភារកម្មដ៏មានសក្តានុពលរបស់សាធារណរដ្ឋកូរ៉េ ឱ្យមកសិក្សាស្វែងយល់ពីស្ថានភាពពិតជាក់ស្តែង និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។ទន្ទឹមនឹងនេះ លោក Joo Bong Park មានការជឿជាក់យ៉ាងមុតមាំថា ការអញ្ជើញមកដល់កម្ពុជាដោយផ្ទាល់របស់វិនិយោគិនកូរ៉េ នឹងក្លាយជាសក្ខីភាពដ៏សំខាន់ក្នុងការលុបបំបាត់នូវរាល់ព័ត៌មានមិនពិត ឬការភ័ន្តច្រឡំនានាដែលបានកើតឡើងនាពេលកន្លងមក។ជាមួយគ្នានេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ទន្ទឹមនឹងនេះ លោក ជា វុទ្ធី ក៏បានរម្លឹកផងដែរអំពីកំណើនគួរឱ្យកត់សម្គាល់នៃការវិនិយោគពីសាធារណរដ្ឋកូរ៉េចាប់តាំងពីការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងកូរ៉េ ស្តីពីការជំរុញ និងការការពារវិនិយោគ នៅឆ្នាំ១៩៩៩។ ទោះជាយ៉ាងណា ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ទុះនៃការវិនិយោគពីកូរ៉េមានការថយចុះ។លោក ជា វុទ្ធី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកផ្សព្វផ្សាយពីបរិយាកាសវិនិយោគកម្ពុជា និងជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនកូរ៉េ ឱ្យត្រឡប់មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងវិញ។លោក ជា វុទ្ធី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងការដាក់ចេញនូវយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានរៀបចំចំនួន ២លើករួចមកហើយ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិន។លើសពីនេះ លោកអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon បានផ្តល់កិត្តិយសចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគរវាងស្ថាប័នទាំងពីរ ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគជាក់ស្តែងនៅពេលអនាគត៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ